ភ្នំពេញ៖ លោក តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក តេង ស៊ីយុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ លោកក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ហាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។
សម្ដេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្ដិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។
សម្តេចក៏ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេសចំពោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោក ដើម្បីស្ដារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សម្ដេចបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាង ពេញលេញ ចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរនូវគោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។
លោក តេង ស៊ីយុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។
សម្តេចនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្ដារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។
សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់៕