ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា រំពឹងទទួលបានទេសចរចិនកាន់តែច្រើនបន្ថែមទៀត ក្រោយការអនុវត្តសាកល្បងលើការលើកលែងទិដ្ឋការ (VISA) ក្នុងរដូវកាលបៃតងឆ្នាំ២០២៦ខាងមុខ ចាប់ពីខែឧសភាដល់ខែតុលា។ ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល៤ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥-២០២៦ ដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែមានសន្ទុះងើបឡើងវិញ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល៤ខែ នៅឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។ នាឱកាសនេះ លោកបានបង្ហាញក្តីរំពឹងជាថ្មីលើគម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ នាពេលខាងមុខ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
គួរបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-តុលា កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ១លាននាក់ កើនឡើង ៤៤.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹមប្រមាណ ៦៩ម៉ឺននាក់៕