ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់កាលពីល្ងាចថ្ងៃទី ១៩ ធ្នូ ថាប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់អំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយនិងកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះ និង ឈានទៅរកការចរចាសន្តិភាពឡើងវិញ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។
លោក Guo Jiakun បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាង និង ជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិន កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពបច្ចុប្បន្ននៃព្រំដែនកម្ពុជា-ថៃ។ ប្រទេសចិន មិនចង់ឃើញប្រទេសទាំងពីរចូលរួមក្នុងជម្លោះយោធាទេ ហើយចិនមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះជនរងគ្រោះស៊ីវិលដែលបណ្តាលមកពីការប៉ះទង្គិចគ្នា។
លោកបន្តទៀតថា ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួល សម្រាប់ការចរចាសន្តិភាព ដើម្បីបង្កើតលក្ខខណ្ឌ និង ផ្តល់វេទិកាសម្រាប់ការសន្ទនា ដើម្បីឈានទៅរកការបញ្ចប់ជម្លោះជាមួយគ្នា៕