681 ezgif.com resize
Swift cc time

លោក ប្រាក់ ដាវីដ វាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការល្អ នៃគម្រោង CAPFISH-Capture ក្នុងការអភិរក្សវិស័យជលផលនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែធ្នូ អញ្ជើញចូលរួមក្នុងពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ»។ កម្មវិធីរៀបចំឡើង ដោយការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម តំណាងរដ្ឋបាលជលផល សហភាពអឺរ៉ុប អង្គការFAO អង្គការ UNIDO ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដៃគូអភិវឌ្ឍន៍ អាជ្ញាធរ សាកលវិទ្យាល័យ និស្សិត សហគមន៍នេសាទ។

គោលបំណងនៃកម្មវិធី ដើម្បីបង្ហាញពីលទ្ធផលសំខាន់ៗ និងមេរៀនដែលទទួលបានពីកម្មវិធី CAPFISH-Capture អបអរសាទរសមិទ្ធផលគោលនយោបាយ និងដាក់ឱ្យដំណើរការឯកសារបោះពុម្ពជាប្រវត្តិសាស្ត្រ «ប្រាំមួយឆ្នាំនៃCAPFISH» ពង្រឹងភាពលេចធ្លោនៃភាពជាដៃគូ ជំរុញកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍នាពេលអនាគត និងបិទបញ្ចប់ជាផ្លូវការនូវគម្រោង FAO CAPFISH Capture។

លោក ប្រាក់ ដាវីដ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ គ្រប់ភាគីពាក់ព័ន្ធ សម្រេចបាននូវលទ្ធផលជាទីមោទនៈរបស់កម្មវិធី CAPFISH-Capture។ តាមរយៈការគាំទ្រថវិកាពីសហគមន៍អឺរ៉ុប ដល់រដ្ឋបាលជលផល និងផ្តល់ជំនួយបច្ចេកទេសពីអង្គការFAO កម្មវិធី CAPFISH-Capture បានពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផលទឹកសាប សមុទ្រ និង តំបន់ឆ្នេរ ការធ្វើទំនើបកម្មការគ្រប់គ្រងវិស័យជលផល ការរៀបចំក្របខណ្ឌច្បាប់ជលផលថ្មី រៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ បោះបង្គោលព្រំ ការដាក់ពង្រាយ ជម្រកត្រីសិប្បនិម្មិត ការពង្រឹងសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។

លោកបញ្ជាក់បន្ថែមថា ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទាមទាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងអំពាវនាវដល់បងប្អូនប្រជានេសាទ សហគមន៍នេសាទ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីជំនាញ សហការគ្នាពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត សំដៅធានានិរន្តរភាពផលនេសាទ និងសន្តិសុខស្បៀង ព្រមទាំងរក្សាការពារធនធានជលផល សម្រាប់កូនចៅយើងជំនាន់ក្រោយទៀតផង៕



Khcct banner

អត្ថបទទាក់ទង