សៀមរាប៖ ក្រុមការងារ និងបងប្អូនភៀសសឹកនៅក្រុងរុនតាឯកតេជោសែន បានរៀបចំ«ដាំដុះបន្លែ»សម្រាប់បំពេញតម្រូវការចាំបាច់ជាប្រចាំថ្ងៃ លើផ្ទៃដីប្រមាណ ២,៦០០ ម៉ែត្រការ៉េ ចំនួន ៥០ រោង។
ដោយអនុវត្តតាមអនុសាសន៍របស់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្រុមការងារបានចុះពិនិត្យសណ្ឋានភាពដីនៅសល់ និងស្ថានភាពដាំដុះបច្ចុប្បន្ននៅបរិវេណវត្តទាំងពីរ គឺវត្តជ័យគីរីមុន្នីរង្សី (ហៅវត្តរុន) និងវត្តប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច)។ ជាមួយគ្នានេះ បងប្អូនដែលកំពុងភៀសសឹកមកស្នាក់នៅវត្ត បានរៀបចំដីបន្ថែម ដើម្បីដាំបន្លែប្រភេទផ្សេងៗ ដូចជា ត្រកួន ស្ពៃ និងផ្ទី សម្រាប់ទទួលបានផលបន្ថែម ស្របតាមតម្រូវការចាំបាច់ជាប្រចាំថ្ងៃ។
សកម្មភាពនេះ គឺជាការអនុវត្តជាក់ស្តែងតាមការផ្តួចផ្តើម និងបំផុសចលនាដ៏មានន័យរបស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ក្នុងការលើកកម្ពស់ការដាំបន្លែតាមផ្ទះ សាលារៀន វត្តអារ៉ាម និងសហគមន៍ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ៕