វៀតណាម៖ អាណាព្យាបាលកុមារនៅប្រទេសវៀតណាមបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះច្បាប់ហាមកុមារអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់ទូរសព្ទដៃ ដែលប្រទេសអូស្រ្តាលីទើបតែអនុម័តកាលពីខែធ្នូនេះ។ពលរដ្ឋវៀតណាមបង្ហាញការគាំទ្រច្បាប់នេះយ៉ាងខ្លាំងដោយមានជំនឿថាច្បាប់នេះនឹងជួយកុមារមានផ្លូវចិត្តល្អ ហើយការលូតលាស់របស់ពួកគេមានភាពល្អប្រសើរ។យោងតាមមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ និងការអប់រំពេញមួយជិវិត នៅទីក្រុងហូជីមិញ បានបញ្ជាក់ថា គេសង្កេតឃើញសិស្សដែលលេងទូរសព្ទច្រើននៅវ័យក្មេង មានការមិនយកចិត្តដាក់ក្នុងការសិក្សា លទ្ធផលការសិក្សាធ្លាក់ចុះ ឆាប់ខឹង ពិបាកផ្ដោត ផ្ដាច់ខ្លួនពីគ្រួសារ ជាពិសេសងាយមានបញ្ហាធ្លាក់ទឹកចិត្ត។
យោងតាមសារព័ត៌មានវៀតណាម Troui Tre News ពលរដ្ឋវៀតណាមមានការសាទរយ៉ាងខ្លាំងចំពោះច្បាប់នេះ ដោយបង្ហាញថា ការហាមកុមារក្នុងការប្រើប្រាស់ទូរសព្ទនៅវ័យក្រោម១៦ឆ្នាំ គឺជារឿងដែលសមហេតុផល និងគួរតែត្រូវបានអនុវត្តជាចាំបាច់នៅក្នុងប្រទេសវៀតណាម ដោយសារកុមារនៅអាយុនេះ មិនទាន់មានការយល់ដឹងគ្រប់គ្រាន់ ក្នុងការមើលមាតិកាចម្រុះប្រភេទតាមប្រព័ន្ធអនឡាញ ជាពិសេសមាតិកាដែលហិង្សា និងមិនសមរម្យសម្រាប់កុមារ។
គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលី បានអនុមត្តិច្បាប់ហាមក្មេងអាយុក្រោម១៦ឆ្នាំចូលជាធរមាន កាលពី យប់ថ្ងៃ ១០ ធ្នូ ២០២៥ ដែលបានបិទគណនីបណ្ដាញផ្សព្វផ្សាយរបស់កុមារក្រោម១៦ឆ្នាំច្រើនជាង១លានគណនី ដែលច្បាប់ថ្មីនេះមានបំណងជួយកាត់បន្ថយការរុកគួនឬធ្វើបាបតាមប្រព័ន្ធអនឡាញ និងការរងគ្រោះថ្នាក់ដោយសារមាតិកាដែលមានហានិភ័យផ្សេងៗ។