ភ្នំពេញ៖ ស្ថិតក្នុងគ្រាដ៏លំបាកនៃការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ក្រសួងទេសចរណ៍ ដាក់ចេញនូវរដូវកាលសាមគ្គីភាព (Solidarity Season) ខ្មែរជួយខ្មែរ ខ្មែរជួយអាជីវកម្មរបស់ខ្មែរ ខ្មែរជួយសេដ្ឋកិច្ចខ្មែរ។ ក្នុងន័យនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តជួយគាំទ្រប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងស្រុក។ នេះជាប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
បើតាមក្រសួងទេសចរណ៍ ស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ រដ្ឋ និង វិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអំពាវនាវឱ្យប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្តសកម្មភាពជាប្រក្រតី និងស្នើដល់ប្រជាពលរដ្ឋទាំងអស់ បន្តជួយគាំទ្រប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកនេះ ដែលក្រសួងទេសចរណ៍ សម្រេចដាក់ចេញនូវ រដូវកាលសាមគ្គីភាព (Solidarity Season) ដែលខ្មែរជួយខ្មែរ, ខ្មែរជួយអាជីវកម្មរបស់ខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ។
គួរបញ្ជាក់ថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សាក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន កម្ពុជា ថៃ ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។
បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលវាយប្រហារមកលើវិស័យទេសចរណ៍កម្ពុជា៕