681 ezgif.com resize
Swift cc time

អគ្គលេខាធិការអាស៊ាន បន្តអំពាវនាវដល់សមាជិកអាស៊ានរួមទប់ស្កាត់ការរីករាលដាលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីសន្តិភាពក្នុងតំបន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ហ្សាការតា៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្តអំពាវនាវដល់សមាជិកអាស៊ានចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការរឹតបន្តឹងឲ្យត្រឡប់ទៅរកបទឈប់បាញ់ជាបន្ទាន់ បន្ធូរបន្ថយភាពតានតឹង និងត្រឡប់ទៅរកកិច្ចសន្ទនា និងការទូតឡើងវិញ។ ការធ្វើឡើងនេះ ឈរក្រោមគោលការណ៍មូលដ្ឋានរបស់អាស៊ានដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដំណោះស្រាយជម្លោះដោយសន្តិវិធី ពង្រឹងកិច្ចសហប្រតិបត្តិការ និងធានាថា សន្តិភាព និងស្ថិរភាព ឈ្នះនៅក្នុងតំបន់។

នៅក្នុងសន្ទរកថាស្វាគមន៍របស់លោកបណ្ឌិត កៅ គឹមហួន នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងពាក់ព័ន្ធសភាពការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃថា អាស៊ានមិនអាចមិនខ្វល់ពីការបន្តប្រយុទ្ធគ្នារវាងប្រទេសសមាជិកទាំងពីរបានទេ។ ស្ថានភាពមានការផ្សព្វផ្សាយគ្រប់ដណ្តប់នៅក្នុងតំបន់ និងអន្តរជាតិយ៉ាងទូលំទូលាយ ហើយបានឱ្យមានការអំពាវនាវពីប្រធានអាស៊ាន និងមេដឹកនាំប្រទេសដៃគូខាងក្រៅ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការត្រឡប់ទៅរកបទឈប់បាញ់ជាបន្ទាន់ បន្ធូរបន្ថយភាពតានតឹង និងត្រឡប់ទៅរកកិច្ចសន្ទនា និងការទូតឡើងវិញ។

លោក កៅ គឹមហួន បន្តថា នៅពេលដ៏ធ្ងន់ធ្ងរនេះ អាស៊ានត្រូវតែប្រកាន់ខ្ជាប់ចំពោះគោលការណ៍មូលដ្ឋានរបស់ខ្លួន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (Treaty of Amity and Cooperation in Southeast Asia- TAC)។ គោលការណ៍ទាំងនេះ បង្ខំឱ្យយើងគោរពតាមដំណោះស្រាយជម្លោះដោយសន្តិវិធី ពង្រឹងកិច្ចសហប្រតិបត្តិការ និងធានាថា សន្តិភាព និងស្ថិរភាព ឈ្នះនៅក្នុងតំបន់យើង។

លោក បន្តអំពាវនាវដល់គតិបណ្ឌិត និងភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌របស់ប្រទេសទាំងពីរ ឱ្យទុកភាពខ្វែងគំនិតគ្នាទៅម្ខាង ប្រើប្រាស់ភាពអត់ធ្មត់ឱ្យអស់លទ្ធភាព ហើយធ្វើការរួមគ្នាឆ្ពោះទៅរកបំណងប្រាថ្នារួម របស់ប្រជាជនអាស៊ានទាំង ដែលចង់បានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាព៕


Khcct banner

អត្ថបទទាក់ទង