ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៨ ធ្នូនេះ បានបង្ហោះសារបកអាក្រាត លេសចោទប្រកាន់របស់ថៃថា ទាហានកម្ពុជាបាញ់ឆ្លងព្រំដែន ដើម្បីឈ្លានពានកម្ពុជា ជាលេសស្រដៀងគ្នា ដែលជាមូលដ្ឋាននៃការឈ្លានពានរបស់ថៃ មកលើកម្ពុជានៅឆ្នាំ ១៩៤១។
ក្នុងអត្ថន័យការបង្ហោះរបស់លោក Casey Barnett បានលើកឡើងអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងឡាវនៅខែមករា ឆ្នាំ ១៩៤១ ដោយអះអាងថា កងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ ថៃបានត្រៀមរៀបចំ សម្រាប់ការឈ្លានពានមកហើយអស់រយៈពេលជាច្រើនខែ។ ឈរក្រោមហេតុផលនេះ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានឈ្លានពានវាយយកខេត្តភាគជើងនៃកម្ពុជា និង ទឹកដីភាគលិចរបស់ឡាវ។
លោក Casey Barnett បានលើកឡើងបន្ថែមពីប្រវត្តិនៃការចូលរួមរបស់ថៃ ក្នុងអំពើប្រល័យពូជសាសន៍របស់ជប៉ុន នៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ តាមរយៈការចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤០។ កិច្ចព្រមព្រៀងនេះ បានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និង ម៉ាឡាយ៉ាអង់គ្លេស។
ថៃ នៅតែចូលរួមជ្រុំជ្រែងជាមួយជប៉ុន ដោយនៅខែធ្នូ ឆ្នាំ ១៩៤១ ថៃ និងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ចំពោះការអះអាងទឹកដីរបស់ថៃ—រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា (Burma)។ បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានបញ្ចូលនៅកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា។ ទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាម៕