ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសំណេះសំណាល និងពិភាក្សាធុរកិច្ចជាមួយគណៈប្រតិភូធុរកិច្ចឥណ្ឌានៃសហព័ន្ធអង្គការអ្នកនាំចេញឥណ្ឌា (Federation of Indian Export Organization - FIEO) ដឹកនាំដោយលោក Suvidh Shah អគ្គនាយកនៃសហព័ន្ធ FIEO។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីផ្គូផ្គងពាណិជ្ជកម្មនិងចាប់ដៃគូជាមួយគ្នា ក្នុងវិស័យអាទិភាព សម្រាប់កិច្ចសហការធុរកិច្ចនាពេលអនាគត។
នាឱកាសនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា នេះជាជំនួបលើកដំបូងរវាងស្ថាប័នទាំងពីរ និងជាកិច្ចចាប់ផ្តើមក្នុងការកសាងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ អ្នកឧកញ៉ាបានបញ្ជាក់ពីតួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគមដែលជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងជាបណ្ដុំធុរជននិងវិនិយោគិនមានអាជីវកម្មលើពហុវិស័យនៅកម្ពុជា និងមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសឥណ្ឌាដែលជាទីផ្សារដ៏ធំមួយជាមួយសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។
ជាមួយគ្នានេះ លោក Suvidh Shah ក៏បានបង្ហាញថា នេះជាជំហានដ៏វិជ្ជមានក្នុងការពង្រីកទីផ្សារផលិតផលឥណ្ឌាមកកាន់កម្ពុជា តាមរយៈកិច្ចសហការធុរកិច្ចជាមួយធុរជនកម្ពុជា ជាពិសេសជាមួយការគាំទ្រពីសមាគមឧកញ៉ាកម្ពុជាផងដែរ។ លោកបន្ថែមថា សមាសភាពគណៈប្រតិភូឥណ្ឌាដែលមានវត្តមាននាថ្ងៃនេះ គឺសុទ្ធសឹងតែជាធុរជនជាអ្នកនាំចេញ-នាំចូល មានទស្សនវិស័យ និងសក្តានុពលមកពីវិស័យសំខាន់ៗ ដូចជា សម្ភារ:សំណង់និងឧស្សាហកម្ម, ឧបករណ៍វិទ្យាសាស្ត្រ និងស្ទង់ទិន្នន័យ, ប្រព័ន្ធបូមទឹក, គីមីនិងឧស្ម័នក្នុងឧស្សាហកម្ម, ស្បែក វាយនភណ្ឌ និងសម្ភារៈកាត់ដេរ, ការថែទាំសុខភាពនិងឱសថ, សេវាជ្រើសរើសបុគ្គលិក និងធនធានមនុស្ស, គ្រឿងសង្ហារិម និងបរិក្ខារក្នុងផ្ទះ។
ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃស្ថាប័នទាំងពីរបានធ្វើបទបង្ហាញអំពីសមាសភាព និងអាជីវកម្មរបស់ខ្លួនទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការផ្គូផ្គងពាណិជ្ជកម្មនិងការចាប់ដៃគូជាមួយគ្នា ក្នុងវិស័យអាទិភាពរៀងៗខ្លួន សម្រាប់កិច្ចសហការធុរកិច្ចនាពេលអនាគត៕