ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី ១៧ ខែធ្នូនេះ បានអញ្ជើញរៀបចំបំផុសស្មារតីសមាជិកកាយឫទ្ធិនារីកម្ពុជា នាំគ្នាដាំបន្លែ ដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជា កំពុងប្រយុទ្ធការពារទឹកដីពីសត្រូវសៀមឈ្លានពាន និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ ។
លោកស្រីបណ្ឌិត បានថ្លែងថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកស្រីបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន ។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា សូមដាំបន្លែណាដែលឆាប់បានទទួលផល គឺចាប់ផ្តើមពីតូច តែ លោកស្រី ចង់ឱ្យសិស្សសាលាមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ព។
លោកស្រីបណ្ឌិត បន្ថែមទៀតថា យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ៕