681 ezgif.com resize
Swift cc time

រដ្ឋបាលរាជធានី ហាមឃាត់ការប្រើប្រាស់«ដ្រូន»គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដើម្បីធានាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែធ្នូនេះ បានចេញសេក្ដីណែនាំស្ដីពី ការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ នោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំពីការហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ ចំពោះ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ក្នុងករណីពិនិត្យឃើញមានជនណាបំពាននូវ សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់។ សេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕

Khcct banner

អត្ថបទទាក់ទង