ថៃ៖ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តកញ្ចប់ថវិកាជាតិថ្មី សម្រាប់ជម្លោះព្រំដែនក្នុងឆ្នាំ ២០២៦ ក្នុងទំហំទឹកប្រាក់ចំនួន ២,៤៤ ពាន់លានបាត(៧៨លានដុល្លារ)ពីមូលនិធិកណ្តាលសម្រាប់ឆ្នាំ ២០២៦ ដើម្បីពង្រឹងយោធា និងពង្រឹងសន្តិសុខព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ បាងកកប៉ុស្តិ៍។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានបញ្ជាក់ថា ថវិកាដែលស្នើសុំដោយកងទ័ពជើងគោក និងកងទ័ពជើងទឹក គឺមានបំណងគាំទ្រដល់ការត្រៀមខ្លួនការពារជាតិ និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខបន្ទាន់។ការចំណាយមិនអាចត្រូវបានបង្ហាញបានទេ ដោយសារហេតុផលសន្តិសុខ។លោកបានបន្ថែមថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រដល់យោធាក្នុងប្រតិបត្តិការសន្តិសុខព្រំដែនរបស់ខ្លួន និង ចាត់វិធានការចាំបាច់ដើម្បីរក្សាស្ថិរភាព និងសន្តិសុខ និង ការពារផលប្រយោជន៍ជាតិ។
លោកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេស បានមានប្រសាសន៍ កាលពីម្សិលមិញថា ការចរចាបទឈប់បាញ់មិនអាចបន្តទៅមុខបានទេ ដរាបណាប្រទេសថៃនៅតែស្ថិតក្រោមការវាយប្រហារ។ លោកស្រីបន្តទៀតថា កម្ពុជាត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗចំនួនបី មុនពេលដែលបទឈប់បាញ់ណាមួយអាចត្រូវបានពិចារណា៖ ទីមួយ កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់; ទីពីរ ការបញ្ចប់អរិភាពត្រូវតែពិតប្រាកដ និងស្ថិតស្ថេរ; និងទីបី ភាគីទាំងពីរត្រូវតែសហការគ្នាក្នុងការសម្អាតមីន៕