681 ezgif.com resize
Swift cc time

កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សហការគ្នាពង្រឹងនិងពង្រីកវិស័យទេសចរណ៍តាមរយៈគម្រោងផ្តួចផ្តើម«ប្រទេសបួន គោលដៅតែមួយ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សហការរួមគ្នារៀបចំព្រឹត្តការណ៍ម្ហូបអាហារជំរុញទេសចរណ៍ និងការពិភាក្សាស៊ីជម្រៅលើការផ្តល់ភាពងាយស្រូលដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិលើគម្រោងផ្តួចផ្តើម«ប្រទេសបួន គោលដៅតែមួយ» ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងឱកាសប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី "ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនេះ លោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញនៃប្រទេសទាំងអស់ដែលបានសហការរួមគ្នាសម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា "ប្រទេសបួន គោលដៅតែមួយ"។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះ ជាការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ«ប្រទេសទាំងបួន ទិសដៅតែមួយ»៕


Khcct banner

អត្ថបទទាក់ទង