សៀមរាប៖ លោក ចន ណារិទ្ធ ដឹកនាំក្រុមការងារនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈចាំបាច់ ជូនពលរដ្ឋភៀសសឹក ក្នុងមូលដ្ឋានខេត្តសៀមរាប និងស្នើឱ្យពលរដ្ឋភៀសឹកទាំងអស់ដែលជាគ្រួសារមានបណ្ណសមធម៌ និបណ្ណគ្រួសារងាយរងហានិភ័យទាំងអស់ អាចប្រើប្រាស់បណ្ណនេះទៅបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែក នៅគ្រប់មណ្ឌលសុខភាព នៅក្បែរជុំរំ ឬទីតាំងដែលពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្នទាំងអស់បាន ក្នុងករណីមានតម្រូវការចាំបាច់ ដោយរដ្ឋ ទទួលបន្ទុកបង់ថ្លៃជំនួស។
នាឱកាសនេះ លោក ចន ណារិទ្ធ បានថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ជនភៀសសឹក ទាំងការព្យាបាលជំងឺ ការថែទាំសុខភាព និងបញ្ហាប្រឈមនានា។
ជាមួយគ្នានេះ លោកបានស្នើពលរដ្ឋភៀសឹក ថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងសូមជឿទុកចិត្តលើការដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។
ជាចុងក្រោយ លោក ចន ណារិទ្ធ បានបញ្ជាក់ជូនពលរដ្ឋភៀសឹកទាំងអស់ដែលជាគ្រួសារមានបណ្ណសមធម៌ និបណ្ណគ្រួសារងាយរងហានិភ័យ ទាំងអស់ អាចប្រើប្រាស់បណ្ណនេះទៅបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែក នៅគ្រប់មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកនានា នៅក្បែរជុំរំ ឬទីតាំងដែលពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្នទាំងអស់បាន ក្នុងករណីមានតម្រូវការចាំបាច់ ដោយរដ្ឋ ទទួលបន្ទុកបង់ថ្លៃជំនួស៕