681 ezgif.com resize
Swift cc time

សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ផ្ញើលិខិតទៅទូតអាម៉េរិក បង្ហាញក្តីបារម្ភលើផលប៉ះពាល់អាជីវកម្ម និងជនស៊ីវិលអាម៉េរិក ក្រោយថៃបិទផ្លូវដឹកជញ្ជូនសមុទ្រជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អំឡុងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្តកើតឡើង ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានផ្ញើលិខិតទៅស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បង្ហាញពីការព្រួយបារម្ភចំពោះជនជាតិអាម៉េរិកដែលកំពុងរស់នៅ និងប្រកបរបរនៅកម្ពុជា។ ក្នុងនោះលោកសង្កត់ធ្ងន់ថា ជនស៊ីវិលអាម៉េរិក នឹងត្រូវជួបផលលំបាកជាច្រើន ហើយអាជីវកម្មនានារបស់ជនជាតិអាម៉េរិក នឹងត្រូវប្រឈមនឹងការបិទទ្វារ ក្រោយថៃប្រកាសបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈនិងទំនិញផ្សេងៗតាមផ្លូវសមុទ្រ។ នេះបើតាមខ្លឹមសារលិខិតដែលផ្ញើទៅទូតអាម៉េរិកប្រចាំកម្ពុជា ដោយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា។

បើតាមសារលិខិតបានឱ្យដឹងថា បច្ចុប្បន្ន មានអាជីវកម្មដែលគ្រប់គ្រងដោយជនជាតិអាម៉េរិកប្រមាណ ៨៦៥ បានចុះបញ្ជីនៅប្រទេសកម្ពុជា ហើយប្រជាជនអាម៉េរិករាប់រយនាក់ទៀត ធ្វើការជាមួយក្រុមហ៊ុនផលិតនៅកម្ពុជា ដើម្បីផលិតទំនិញសម្រាប់ម៉ាកយីហោអាម៉េរិក។ ក្រុមហ៊ុនទាំងនេះ គឺតំណាងឱ្យការវិនិយោគរបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់តម្លៃសមរម្យដល់គ្រួសារ និងអ្នកប្រើប្រាស់ទាំងកម្ពុជា និងអាម៉េរិក។

ប្រធានសភាពាណិជ្ជកម្មរូបនេះបន្តថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅឆ្នាំ ២០២៥ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ។ ជនជាតិអាម៉េរិករាប់ពាន់នាក់រស់នៅក្នុងប្រទេសកម្ពុជា ជាមួយគ្រួសារ កូនៗ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ជនជាតិអាម៉េរិកបានបង្កើតសាលារៀន និងសេវាថែទាំសុខភាពមួយចំនួនក្នុងប្រទេសកម្ពុជា។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា

ដូច្នេះហើយ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់យោធាថៃកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដែលគំរាមកំហែងកំណត់កំពង់ផែកម្ពុជាថា ជាតំបន់មានហានិភ័យខ្ពស់(អាចនឹងមានការបាញ់ប្រហារ) និងទប់ស្កាត់ការដឹកជញ្ជូនប្រេងឥន្ទនៈ និងទំនិញផ្សេងៗទៀតតាមសមុទ្រ។

ការបិទផ្លូវប្រេងឥន្ធនៈនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងអាជីវកម្មអាមេរិកនៅកម្ពុជា។ អាជីវកម្មអាម៉េរិកនឹងប្រឈមនឹងការបិទទ្វារ ហើយគ្រួសារអាម៉េរិកនឹងប្រឈមមុខនឹងបញ្ហាក្នុងការបំពេញតម្រូវការដឹកជញ្ជូន និងថាមពលប្រចាំថ្ងៃជាមូលដ្ឋាន រួមទាំងសាលារៀន និងការព្យាបាលវេជ្ជសាស្រ្តផងដែរ។ ជនស៊ីវិលអាម៉េរិកនឹងរងទុក្ខ និងមានការប៉ះពាល់ពីការបិទផ្លូវនេះ ហើយនឹងបំផ្លាញពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។

លោកសង្កត់ធ្ងន់ថា ការគម្រាមកំហែងរបស់ថៃមកលើកំពង់ផែ និងការដឹកជញ្ជូនឥន្ធនៈរបស់កម្ពុជា គឺជាការកើនឡើងនៃជម្លោះដែលមិនចាំបាច់ និងឃោរឃៅ ដែលធ្វើឱ្យមានការរងទុក្ខយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល។

ជាចុងក្រោយ ប្រធានសភាពាណិជ្ជកម្មរូបនេះបន្ថែមថា លោកពិតជារំភើបយ៉ាងខ្លាំង ប្រសិនបើទូតអាម៉េរិក អាចបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់លោក ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងរដ្ឋាភិបាលថៃផងដែរ៕


Khcct banner

អត្ថបទទាក់ទង