681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា-វៀតណាម ឯកភាពជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ភាគីកម្ពុជា និងវៀតណាម បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានប្ដេជ្ញាពង្រឹងការបណ្តុះបណ្តាល កងទ័ពរយៈពេលខ្លី និងរយៈពេលវែង ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំពេញសេចក្តីត្រូវការលើវិស័យការពារជាតិ ដែលកំពុងមានការវិវត្ត។ ការប្តេជ្ញាចិត្តនេះធ្វើឡើងចំពេលដែលកម្ពុជាកំពុងរងការឈ្លានពានយ៉ាងគឃ្លើន និងដ៏កំរោលពីសំណាក់យោធាថៃ ដែលកំពុងបន្តអូសបន្លាយ។

ក្នុងកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានរៀបចំឡើងនៅថ្ងៃទី៨-៩ធ្នូ នៅខេត្តសៀមរាប រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យជុង បានលើកឡើងពីការពេញចិត្តចំពោះការរឹតចំណងមិត្តភាពស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ពាក់ព័ន្ធអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការរក្សា យន្តការសន្ទនាគោលនយោបាយការពារជាតិ និងឯកភាពអនុវត្តលិខិតូបករណ៍នានា នៃសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព រួមមានពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអនុស្សរណៈយោគយល់ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្ដុះបណ្តាលធនធាន មនុស្ស និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ។

ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយប្រទសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ឡាវ-វៀតណាម រួមទាំងការបន្តកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ បីប្រទេស និងពិនិត្យលទ្ធភាពរៀបចំសកម្មភាពរួមសម្រាប់វិស័យការពារជាតិ និងយោធារវាងប្រទេសទាំងបី៕

Khcct banner

អត្ថបទទាក់ទង