681 ezgif.com resize
Swift cc time

តំណាងអចិន្ត្រៃយ៍កម្ពុជានៅUN បន្តបកអាក្រាតសកម្មភាពឈ្លានពានរបស់យោធាថៃលើកម្ពុជាដល់ ៩០គីឡូម៉ែត្រ ក្នុងកិច្ចពិភាក្សាក្រុមប្រឹក្សាសន្តិសុខUN

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត និង ជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។ ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.នាទីក្រុងញូវយ៉ក។

លោក កែវ ឈា បានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និង បានគូសបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។

លោក កែវ ឈា បានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតាំងខ្លួនឯងថា ជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។

លោកបានបន្ថែមថា វិបត្តិនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕

Khcct banner

អត្ថបទទាក់ទង