ភ្នំពេញ៖ កម្ពុជា និងឡាវ បានឯកភាពលើកំណត់ហេតុកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ និងការកែសម្រួលផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ ឆ្នាំ២០២៥-២០២៦។ ជាពិសេស គូភាគីបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ ចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ។ ការចុះMoUនេះត្រូវបានធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថកងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
បើតាមក្រសួងទេសចរណ៍ តាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគី ផែនការសកម្មភាពរួគ្នាឆ្នាំ២០២៥-២០២៦ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។
គូភាគី មានសុទិដ្ឋិនិយមយ៉ាងរឹងមាំថាការអនុវត្តរួមគ្នានូវយន្តការខាងលើ ពិតជាអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ “ប្រទេសពីរ គោលដៅមួយ។
គួរបញ្ជាក់ថា នារសៀលថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា ៤៥រូប ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕