ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការយោធាណាមួយដែលបង្កហានិភ័យដល់ជនស៊ីវិល និង ជំរុញឱ្យថៃគោរពច្បាប់អន្តរជាតិ និង ផ្តល់អាទិភាពលើការការពារជនស៊ិវិល និង គោលដៅស៊ីវិល។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១៥ ធ្នូ ដែលធ្វើឡើងក្រោយពីយោធាថៃបន្តវាយប្រហារលើជនស៊ីវិលកម្ពុជា។
ក្រសួងការបរទេស បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និង អនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលផ្តួចផ្តើមគំនិតដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។
គួរបញ្ជាក់ថា ត្រឹមម៉ោង ២រសៀល ថ្ងៃ១៥ធ្នូនេះ ចំនួនជនស៊ីវិលកម្ពុជាស្លាប់កើនដល់ ១៥នាក់ និងរបួស ៧៣ នាក់ ដោយសារទង្វើឈ្លានពានយោធាថៃ៕