Yearendyearend1140x150

កូវីដ១៩៖ពលរដ្ឋភាគច្រើន«ជឿទុកចិត្ត»លើរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ភ្នំពេញ៖ ស្ថិតក្នុងបរិបទដែលជំងឺកូវីដ១៩បានឆ្លងចូលទៅក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា កាលពីថ្ងៃទី ២៨ វិច្ឆិកាមក បានធ្វើអោយមានក្តីព្រួយបារម្ភជាច្រើនពីករណីថ្មីមួយនេះ។ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋមួយចំនួន ភាគច្រើនពួកគេមានការជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលការណ៍គ្រប់គ្រងស្ថានភាពកូវីដ១៩ ដែលទើបនឹងផ្ទុះឡើងម្តងទៀតនាពេលថ្មីៗនេះ។

យុវជន វីរ៉ា ចិន្ត្រា ជានិស្សិតនៅសាកលវិទ្យាល័យមួយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកពិតជាមានការជឿទុកចិត្តនិងជឿជាក់ទៅលើគោលការណ៍គ្រប់គ្រងស្ថានភាពកូវីដ១៩របស់រាជរដ្ឋាភិបាលចំពោះករណីដែលផ្ទុះឡើងនាពេលថ្មីៗនេះ។ការជឿទុកចិត្តនេះ គឺដោយសារតែការសង្កេតឃើញថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការនានាក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ បានទាន់ពេលវេលា ដូចជាមានការបញ្ជាបិទទីតាំងភ្លាមៗដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ១៩ ការពិនិត្យយកសំណាកបុគ្គលពាក់ព័ន្ធ និងគោលការណ៍ផ្សេងៗទៀតសម្រាប់ធានាបាននូវសុវត្តិភាពចំពោះប្រជាពលរដ្ឋកម្ពុជា។

ចំណែក កញ្ញា រឿន លីហ័ង ជានិស្សិត កញ្ញមើលឃើញថា រាជរដ្ឋាភិបាលបានធ្វើឱ្យកញ្ញាមានភាពកក់ក្តៅក្នុងចិត្ត ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាមានសកម្មភាពជាច្រើនក្នុងការរក្សានូវសុខសុវត្តិភាព ចំពោះប្រជាជនដូចជា ការដាក់បម្រាមមិនឱ្យមានការជួបជុំគ្នា ការបិទជាបណ្តោះអាសន្ននូវរោងភាពយន្ត សាលារៀន ក្លឹប ពិធីមង្កលការជាដើម។

កញ្ញាបន្តថា រាជរដ្ឋាភិបាលតែងតែរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្លួនជានិច្ចនៅពេលចេញទៅក្រៅ គឺត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងត្រូវកាត់បន្ថយការចេញក្រៅប្រសិនជាមិនចាំបាច់។

រីឯកញ្ញា ដាណែត មានភាពជឿជាក់លើរដ្ឋាភិបាលពី៥០%ទៅ៨០%ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩នាពេលថ្មីៗនេះ។ កញ្ញាក៏បានបន្ថែមថា រាជរដ្ឋាភិបាលពិតជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ចៀសភ្លាមៗនូវបញ្ហាចំពោះការរីករាលដាលកូវី១៩ដោយបានបញ្ជាឱ្យបិទផ្អាកជាបណ្តោះអាសន្ននូវកន្លែងដែលមានបណ្តុំមនុស្សច្រើនៗដូចជា រោងភាពយន្ត សាលារៀន ពិធីមង្គលការឬពិធីជួបជុំនានា និងកន្លែងកំសាន្តមួយចំនួន។

កញ្ញាបន្តថា ជាពិសេសរាជរដ្ឋាភិបាលបានបញ្ញាឱ្យបិទជាបណ្តោះអាសន្នចំពោះទីតាំងដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺការបិទផ្សារទំនើបអ៊ីអន១ ហើយនិងកន្លែងមួយចំនួនទៀតដែលពាក់ព័ន្ធក្រុមគ្រួសាររបស់អ្នកជំងឺ។

ក្រៅពីនេះ កញ្ញាបន្តថារាជរដ្ឋាភិបាល និងភាគីក្រុមការងារពាក់ព័ន្ធបានយកសំណាកប្រជាជនប្រមាណជាង១ពាន់នាក់នៅផ្សារអ៊ីអន១ និងបន្តយកសំណាកចំពោះបុគ្គលដែលពាក់ព័ន្ធផ្សេងៗទៀត ហើយកត្តាទាំងនេះ គឺបានធ្វើឱ្យរូបកញ្ញាក៏ដូចជាប្រជាជនកម្ពុជាមានភាពជឿទុកចិត្តចំពោះវិធានការណ៍គ្រប់គ្រងស្ថានភាពកូវីដ១៩របស់រាជរដ្ឋាភិបាល។

លោកយាំងគ្រុយ និងកញ្ញាណាណា ក៏មានមតិផ្ទាល់ខ្លួនចំពោះគោលការណ៍គ្រងគ្រងស្ថានភាពកូវីដ១៩របស់រាជរដ្ឋាភិបាលដែរថា វិធានការណ៍ឬគោលការណ៍នានារបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ពិតជាបានផ្តល់ជាទំនុកចិត្តសម្រាប់អ្នកទាំងពីរ ព្រោះរាជរដ្ឋាភិបាលបានចាត់វិធានការណ៍ភ្លាមចំពោះទីតាំង និងបុគ្គលដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

កញ្ញាណាណាបានលើកឡើងថា បន្ទាប់ពីកញ្ញាបានឃើញពីសកម្មភាពនានារបស់រាជរដ្ឋាភិបាលដូចជា ការបន្តយកសំណាកបុគ្គលឬក្រុមបុគ្គលដែលពាក់ព័ន្ធជាមួយអ្នកជំងឺនិងទីតាំងដែលអ្នកជំងឺបានទៅ ក៏ដូចជាបានផ្អាកឱ្យមានពីឱ្យមានពិធីជួបជុំសាសនានានា បិទសាលារៀន និងកន្លែងកំសាន្តមួយចំនួន សកម្មភាពនេះបានធ្វើឱ្យកញ្ញាមានភាពកក់ក្តៅ និងជឿទុកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃកូវីដ១៩ជូនដល់ប្រជាជនក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។

គិតត្រឹមថ្ងៃទី០២ ខែធ្នូនេះ ព្រឹត្តិការណ៍កូវីដ១៩ ក្នុងសហគមន៍ដំបូងរបស់កម្ពុជាបានបណ្តាលឲ្យមនុស្ស ១៩នាក់វិជ្ជមានកូវីដ១៩។ បើតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងចំនួន ៨,៧៦៦នាក់។

សូមជម្រាបជូនថា កម្ពុជាបានរកឃើញករណីកូវីដ១៩សរុបចំនួន៣៣១នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀង និងមណ្ឌលសុខភាពចាក់អង្រែ សរុប ចំនួន៣៣នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង