ថៃ៖ ការិយាល័យអន្តោប្រវេសន៍របស់ថៃ នៅរសៀលថ្ងៃច័ន្ទទី ១៥ ធ្នូ នេះបានប្រកាសថា អាកាសយានដ្ឋានថៃនឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចំពោះជនជាតិកម្ពុជាទាំងអស់ដែលចូលប្រទេសថៃ ចាប់ពីថ្ងៃច័ន្ទនេះតទៅ ហើយមន្រ្តីអន្តោប្រវេសន៍ក៏នឹងបន្តឹងការត្រួតពិនិត្យប្រឆាំងនឹងទាហានស៊ីឈ្នួលបរទេសដែលចូលក្នុងប្រទេសថៃដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ បាងកកប៉ុស្តិ៍។
បើតាមបាងកកប៉ុស្តិ៍ ការិយាល័យអន្តោប្រវេសន៍ថៃ នៅថ្ងៃចន្ទបានស្នើសុំឱ្យអ្នកទេសចរបរទេសយល់ពីស្ថានភាព ដែលអាចបណ្តាលឱ្យមានការកកស្ទះនៅការត្រួតពិនិត្យលិខិតឆ្លងដែនដោយមន្រ្តីថៃនឹងរឹតបន្តឹង ជាពិសេសអ្នកដំណើរ និង ភ្ញៀវទេសចរធ្វើដំណើរពីប្រទេសកម្ពុជា ក្រោមហេតុផលសន្តិសុខជាតិ។
វិធានការសន្តិសុខដែលចូលជាធរមាន នឹងពង្រឹងត្រូវបានអនុវត្តជាចម្បងនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដនមឿង ឈៀងម៉ៃ ភូកេត និង ហាតយ៉ៃ។ អាជ្ញាថៃអះអាងទៀតថា ជនជាតិកម្ពុជាដែលចូលទឹកដីថៃ ក្នុងគោលបំណងអាជីវកម្មត្រូវបានទាមទារឱ្យទទួលបានទិដ្ឋាការត្រឹមត្រូវពីស្ថានទូតថៃ។
ចំណែកក្រុមអ្នកដំណើរមកពីអឺរ៉ុបខាងកើត និង អាស៊ីខាងជើង អាចត្រូវបានជួលជាទាហានស៊ីឈ្នួល ឬជាចារកម្ម នឹងត្រូវបានឆែកឆេតឹងរឹងបំផុតមុនចូលក្នុងប្រទេសថៃ។ ពេលវេលារង់ចាំនៅជួរត្រួតពិនិត្យអន្តោប្រវេសន៍អាចត្រូវបានបន្ថែមពី ២០ នាទីធម្មតាទៅប្រហែល ៤៥ នាទី ហើយជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជានៅតែដំណើរការដូចធម្មតា៕