681 ezgif.com resize
Swift cc time

Update៖«ការហោះហើរ»កម្ពុជា-ថៃកំពុងអនុវត្តជាប្រក្រតី ស្របតាមច្បាប់ បទប្បញ្ញត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធជាធរមាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា គិតមកត្រឹមពេលនេះ ដំណើរការហោះហើររវាងកម្ពុជា-ថៃ បាននិងកំពុងអនុវត្តជាប្រក្រតី ស្របតាមច្បាប់ បទប្បញ្ញត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធជាធរមាន ហើយក្រុមការងារនឹងធ្វើបច្ចុប្បន្នកម្មបន្ថែម ក្នុងករណីមានការប្រែប្រួល។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា សម្រាប់ការហោះហើរចេញ-ចូលដោយក្រុមហ៊ុនអាកាសចរណ៍របស់ថៃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបគឺមាន ៦៣ជើង/សប្តាហ៍ ក្នុងនោះជើងហោះហើរពីសៀមរាប-សុវណ្ណភូមិ មានចំនួន ៣៥ជើង, សៀមរាប-ដនមឿង ២១ជើង, និងសៀមរាប-ភូកេត ៧ជើង ហើយក្រុមការងារកំពុងតាមដានស្ថានការណ៍នេះបន្តទៀត។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដោយឡែកជើងហោះហើររវាងបាងកក(ដនមឿង)-ភ្នំពេញ គឺរក្សាបានការហោះហើរជាធម្មតាដោយក្រុមហ៊ុនហោះហើរថៃចំនួន៥ដូចជា ក្រុមហ៊ុន Bangkok Airways ក្រុមហ៊ុន Thai Airways ក្រុមហ៊ុន Thai Air Asia ក្រុមហ៊ុន Thai Vietjet Air និងក្រុមហ៊ុន K-Mile (ដឹកជញ្ជូនទំនិញ) ជាទូទៅហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិតេជោ(KTI) ចំនួន៥៣ជើង/សប្តាហ៍។

រីឯក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជាក៏មានការហោះហើរចេញ-ចូលបាងកកដែរ គឺមានចំនួន២៤ជើង/សប្តាហ៍ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways និងក្រុមហ៊ុនអាកសចរណ៍ Sky Angkor Air។

លោកបញ្ជាក់ថា ជារួមគិតមកទល់ពេលនេះ ជើងហោះហើរពីបាងកកចេញ-ចូលអាកាសយានដ្ឋានទាំងពីរ(ភ្នំពេញ និងសៀមរាប) គឺមិនមានអ្វីប្រែប្រួលនោះទេ ហើយក្រុមការងារកំពុងតាមដានសភាពការណ៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

Khcct banner

អត្ថបទទាក់ទង