681 ezgif.com resize
Swift cc time

អង្គការ និងសមាគមនិស្សិតកម្ពុជាទាំង២៣ ដាក់លិខិតទៅប្រធានាធិបតីអាម៉េរិក ជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់សកម្មភាពឈ្លានពានលើកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការ និងសមាគមនិស្សិតកម្ពុជាទាំង ២៣ នៅថ្ងៃទី១៥ធ្នូនេះ ដាក់លិខិតអំពាវនាវទៅលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយប្រតិបត្តិការយោធាថៃដោយខុសច្បាប់ និងជំរុញឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានលើកម្ពុជា។ ការអំពាវនាវនេះធ្វើឡើង បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសចំពោះការឈ្លានពានរបស់ថៃរំលោភលើដែនអធិបតេយ្យកម្ពុជា និងការវាយប្រហាររបស់យោធាថៃលើប្រាង្គប្រាសាទខ្មែរ និងជនស៊ីវិលស្លូតត្រង់ នៅតាមព្រំដែន។

អង្គការ និងសមាគមនិស្សិតកម្ពុជា អំពាវនាវឱ្យមានសកម្មភាពអន្តរជាតិរបស់អាម៉េរិក ដើម្បីទប់ស្កាត់ថៃឈ្លានពានលើកម្ពុជាបន្ថែមទៀត។ សហគមន៍អន្តរជាតិត្រូវតែបញ្ឈប់ជាបន្ទាន់នូវការលក់សព្វាវុធយោធាដល់ប្រទេសថៃ រួមមានយន្តហោះចម្បាំង Gripen និង F-16 យន្តហោះ AT-6 កាំភ្លើងធំ 155mm និង 1.25mn រថពាសដែក MT-60 រថពាសដែក កាំភ្លើងត្បាល់ កាំភ្លើងយន្ត B-50 ភ្នាក់ងារគីមីពុល និងគ្រាប់បែកចង្កោម ដែលថៃត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធារបស់ខ្លួន។ វិធានការទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការឈ្លានពានបន្ថែមទៀត ដើម្បីការពារជីវិតពលរដ្ឋស៊ីវិលស្លូតត្រង់ និងគោរពច្បាប់អន្តរជាតិ។

ដោយការគោរព និងភាពបន្ទាន់ អង្គការ និងសមាគមនិស្សិតកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអាម៉េរិក៖ ១.ថ្កោលទោសចំពោះប្រតិបត្តិការយោធា និងការឈ្លានពានខុសច្បាប់ដែលធ្វើឡើងដោយយោធាថៃប្រឆាំងនឹងអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជា។ ២-ជំរុញឱ្យថៃបញ្ឈប់រាល់សកម្មភាពឈ្លានពានមកលើកម្ពុជាជាបន្ទាន់។ ៣.គាំទ្ររាល់វិធានការដែលការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ៤. លើកទឹកចិត្តឱ្យប្រទេសទាំងពីរគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងច្បាប់អន្តរជាតិ។

សមាគមនិស្សិតកម្ពុជា អំពាវនាវដោយក្តីគោរពចំពោះលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ យល់ស្របលើបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត និងចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឈ្លានពានថៃលើកម្ពុជាបន្ថែមទៀត។ សមាគមនិស្សិតកម្ពុជាជឿជាក់ថាសន្តិភាពយូរអង្វែង អាចសម្រេចបានតាមរយៈការសន្ទនា ការទទួលខុសត្រូវ និងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង