ម៉ាឡេស៊ី៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានទាក់ទងតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ដោយជំរុញឱ្យកម្ពុជា និងថៃ បញ្ឈប់ការប្រយុទ្ធគ្នា ជាធរមាននៅម៉ោង ១០ យប់ ថ្ងៃ១៣ធ្នូនេះ ដើម្បីបើកផ្លូវឱ្យក្រុមការងារ AOT នឹងបង្ហាញ «លទ្ធផលតាមដានផ្កាយរណប និង ការសង្កេត» នៅព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ១៦ ខែធ្នូខាងមុខនេះ។
យោងតាមគេហទំព័រផ្លូវការ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងថា ប្រធានអាស៊ានរូបនេះ បានប្រកាសប្រាប់ពិភពលោក ស្នើកម្ពុជា-ថៃ ឈប់បាញ់គ្នា ចាប់ពីម៉ោង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ២០២៥។ បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ថា លោកក៏នឹងស្នើឱ្យក្រុម AOT ប្រើរូបភាពផ្កាយរណប ដោយមានជំនួយពីអាម៉េរិក ដើម្បីប្រមូលភស្តុតាងដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
ភ្លាមៗក្រោយស្នើសុំនេះ សម្តេចហ៊ុន ម៉ាណែត ស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ លោក អាន់វ៉ា សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និង ចូលរួមដោយអាម៉េរិក៕