ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានគណបក្សកាន់អំណាច នៅថ្ងៃទី ១៣ ធ្នូនេះ ជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជ រដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និង ប្រជាជនថៃឆ្លងកាត់ព្រំដែន។ជាការស្នើសុំដែលធ្វើឡើង ក្រោយពីកងទ័ពថៃ បានឈ្លានពានវាយប្រហារ និង សម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និង រើសទីកន្លែង សូម្បីតែស្ពាន ថ្នល់សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និង យន្តហោះវាយបំផ្លាញចោល។ផ្សែងពុលគ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ និង ធ្វើការនៅក្នុងទឹកដីកម្ពុជា។
បើតាមសម្តេច ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅ និង ធ្វើការនៅក្នុងប្រទេសថៃ និង ពលរដ្ឋថៃដែលកំពុងរស់នៅ និង ធ្វើការនៅកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។សម្រាប់សម្តេច ហ៊ុន សែន វិធានការនេះ គឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជា និង ប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។
ជាមួយគ្នានោះ សម្តេចថែមទាំងបានអំពាវនាវដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃ និង ប្រជាជនថៃមេត្តាយោគយល់ ហើយសុំរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើង ឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ៕