បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹកជាង ៣ពាន់គ្រួសារ នៅមណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ធ្នូ បានទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានផ្តល់តាមរយៈសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ដោយព្រះរាជហឫទ័យគិតគូរពីសុខទុក្ខ និងក្តីអាណិតអាសូរចំពោះប្រជារាស្ត្រភៀសសឹកនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយសម្រាលការលំបាកដល់ប្រជារាស្ត្រភៀសសឹក។
ភ្លាមៗបន្ទាប់ពីទទួលបានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងទិញស្បៀង-សម្ភារប្រើប្រាស់ និងបានចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ចែកជូនប្រជាជនភៀសសឹកចំនួន ៣.២០០គ្រួសារ រួមមានស្ត្រីមានផ្ទៃពោះ ទារក កុមារ ជនពិការ ចាស់ជរា ដែលបង្ខំចិត្តរត់ភៀសខ្លួនចាកចោលផ្ទះសម្បែង មកកាន់មណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ផ្តល់ជូនបងប្អូនប្រជារាស្ត្រភៀសសឹក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកបរិសុទ្ធ ១កេស និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕