ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ និង លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ធ្នូកន្លងទៅនេះ បានជួបប្រជុំគ្នា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) ស្តីពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិនរយៈ ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ បានជជែកលើការងារមួយចំនួន ដោយ ត្រៀមខ្លួនរួចជាស្រេចសហការក្នុងការជំរុញការអនុវត្តការសាកល្បង «លើកលែងVISA» សម្រាប់ភ្ញៀវចិននៅពាក់កណ្តាលឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានសំណូមពរឱ្យមន្ត្រីពាក់ព័ន្ធនានា ជួយផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលទេសចរណ៍កម្ពុជា, សហការរៀបចំកម្មវិធីនានាក្នុងក្របខ័ណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន សម្រាប់ឆ្នាំ២០២៦» ជាពិសេសស្នើឱ្យជួយសម្របសម្រួលអញ្ជើញ Media និង Influencers ល្បីៗពីខេត្តក្រុងនានានៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនាកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ និងសំដៅកៀរគរភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងរយៈពេល ៤ខែនៃការសាកល្បង «លើកលែងVISA»សម្រាប់ភ្ញៀវចិននៅពាក់កណ្តាលឆ្នាំ២០២៦។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិនរយៈ ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ការសម្រេចនេះ ត្រូវបានអ្នកជំនាញ សម្តែងការសាទរ និង ចាត់ទុកថា សេដ្ឋកិច្ចមូលដ្ឋាន ឬរបរលក់ដូរប្រចាំថ្ងៃរបស់អាជីវករខ្នាតតូចរបស់ប្រទេសកម្ពុជា នឹងកាន់តែមានសន្ទុះងើបឡើងវិញ៕