681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline ដឹកអ្នកដំណើរជាង១០០នាក់ ចុះចតនៅព្រលានតេជោដោយជោគជ័យនារសៀលថ្ងៃទី១១ធ្នូ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline (THY) ដែលធ្វើការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ជើងហោះហើរត្រង់ដំបូងពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ មានអ្នកដំណើរសរុបចំនួន ១០៩ នាក់។

ជើងហោះហើរដំបូងនេះ មានអ្នកដំណើរជាង១០០នាក់ (៨៤ Economic និង ២៥ Business class) ហើយអ្នកដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧ Economic និង ៨ Business class)។

ជើងហោះហើរនេះនឹងប្រតិបត្តិការហោះដោយយន្តហោះ B777-300ER ជាមួយនឹងកាលវិភាគចំនួន ៣ ជើង ក្នុង១សប្តាហ៍ ពោលគឺ ថ្ងៃពុធ សុក្រ និងសៅរ៍។ ជើងហោះហើរថ្មីនេះ ជាសម្គាល់នៃការពង្រឹងចំណងមិត្តភាព និងកិច្ចសហការកាន់តែជ្រាលជ្រៅរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ចំពោះការតភ្ជាប់ជើងហោះហើរនេះគឺបានផ្តល់ភាពកាន់តែប្រសើរ និងផ្តល់ជម្រើសទេសចរណ៍កាន់តែច្រើន ការប្រែប្រួលពាណិជ្ជកម្មកើនឡើង និងការពង្រឹងវត្តមានរបស់កម្ពុជា ក្នុងបណ្តាញអាកាសចរណ៍អន្តរជាតិកាន់តែទូលាយ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។លោកបានចាត់ទុក ជាសមិទ្ធិផលប្រកបដោយផ្លែផ្កា និងមានសារៈសំខាន់នេះ គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ការចូលរួមយ៉ាងសកម្ម និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ។

លោកថា តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាមួយគោលដៅជាង៣៥០កន្លែង ក្នុង១៣០ប្រទេសជុំវិញពិភពលោកមួយនេះ សក្តានុពលទេសចរណ៍ និង កាលានុវត្តភាពវិនិយោគកម្ពុជា នឹងត្រូវបានយកទៅផ្សព្វផ្សាយជុំវិញពិភពលោក ហើយនឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជាយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Turkish Airlines មានគោលដៅហោះហើរដល់ជាង ៣៥០ កន្លែង ដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុមហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយ។ ចំពោះកម្ពុជា ក្រុមហ៊ុន Turkish Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី៣៦ ជាប្រទេសទី១៧ និងទីក្រុងទី៤៦ ដែលធ្វើប្រតិបត្តិការចូល-ចេញកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង