681 ezgif.com resize
Moneygramott moi1280x163px

ពលរដ្ឋកម្ពុជាដាក់លិខិតតវ៉ាទៅសភា និងព្រឹទ្ធសភាអាម៉េរិក ដើម្បីប្ដឹងថៃប្រើប្រាស់សព្វាវុធអាម៉េរិក ឈ្លានពានកម្ពុជាដោយខុសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

តំណាងឲ្យពលរដ្ឋកម្ពុជា ក្រុមបញ្ញវន្តកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់សភា និងព្រឹទ្ធសភាអាម៉េរិក ដើម្បីប្ដឹងប្រទេសថៃ ពីការដែលយោធាថៃបានប្រើប្រាស់សព្វាវុធអាម៉េរិក ឈ្លានពានប្រទេសកម្ពុជាដោយខុសច្បាប់ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមកលើប្រជាជនខ្មែរ។ នេះបើតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក Moon Pich។

យោងតាមខ្លឹមសារក្នុងលិខិតនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យោធាថៃ បានបើកការវាយប្រហារលើដែនអាកាសកម្ពុជាដោយខុសច្បាប់ ហើយបានប្រើប្រាស់សព្វាវុធអាម៉េរិក រួមទាំងយន្តហោះ F-16 ដោយរំលោភបូរណភាពទឹកដីកម្ពុជា និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ ការប្រើប្រាស់អាវុធខុសច្បាប់ ដែលផលិតដោយអាម៉េរិក ក្នុងសកម្មភាពឈ្លានពាន ផ្ទុយពីគោលការណ៍ និងកាតព្វកិច្ចផ្លូវច្បាប់របស់សហរដ្ឋអាម៉េរិក។

អាស្រ័យហេតុនេះ ពលរដ្ឋកម្ពុជាអំពាវនាវដោយការគោរព ចំពោះភាពជាអ្នកដឹកនាំរបស់សភា និងព្រឹទ្ធសភាអាម៉េរិក ក្នុងការពិនិត្យមើលការប្រើប្រាស់អាវុធដែលមានប្រភពដើមពីអាម៉េរិក ជាពិសេសយន្តហោះ F-16 ដែលយោធាថៃបានប្រើប្រាស់ឈ្លានពានលើកម្ពុជាកន្លងមក។ បន្ថែមនេះ សំណូមពរអាម៉េរិកធានាការអនុលោមតាមច្បាប់ Leahy និងការរឹតបន្តឹងការប្រើប្រាស់សព្វាវុធអាម៉េរិកចុងក្រោយ និងច្បាប់មនុស្សធម៌អន្តរជាតិ។

បន្ថែមនេះ ពលរដ្ឋកម្ពុជាអំពាវនាវឲ្យអាម៉េរិក ដាក់កម្រិតបណ្តោះអាសន្នលើកិច្ចសហប្រតិបត្តិការយោធាជាមួយថៃ ប្រសិនបើការបំពានត្រូវបានបញ្ជាក់ និងដាក់សម្ពាធថៃឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ហើយត្រឡប់ទៅរកយន្តការផ្លូវច្បាប់ សន្តិភាព និងការទូត សម្រាប់ដោះស្រាយជម្លោះ។

លោក Moon Pich បានបញ្ជាក់ថា លិខិតនេះ បើទោះបីមិនអាចបញ្ឈប់សកម្មភាពរបស់យោធាថៃភ្លាមៗបាន ប៉ុន្តែវាជាសំឡេងរបស់ពួកយើងទៅកាន់អន្តរជាតិ ឲ្យបានដឹងពីការឈ្លានពានដោយខុសច្បាប់របស់ថៃ មកលើប្រទេសកម្ពុជា និងឧក្រិដ្ឋកម្មរបស់ពួកគេមកលើប្រជាជនខ្មែរ។

លោក Moon Pich បន្តថាកម្ពុជាជាប្រទេសតូច ប៉ុន្តែកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិយើងធំធេងណាស់។ យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមការពារមាតុភូមិយើង ទៅតាមលទ្ធភាព និងសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យជនរួមជាតិ និងកូនចៅជំនាន់ក្រោយរបស់ពួកយើង អាចរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងមោទនភាពជាតិ៕

Khcct banner

អត្ថបទទាក់ទង