681 ezgif.com resize
Moneygramott moi1280x163px

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះជិត១៣% ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-វិច្ឆិកា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៣,៤ ពាន់លានដុល្លារ ធ្លាក់ចុះ ១២.៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ រយៈពេល១១ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះជិត១៣% មកនៅត្រឹមជាង ៣,៤ ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅប្រទេសថៃក្នុងទឹកប្រាក់ជិត ៦៨០ លានដុល្លារ ធ្លាក់ចុះ ១៣.៨% និងនាំចូលពីថៃវិញក្នុងទឹកប្រាក់ប្រមាណ ២,៧៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១២.៧%។

ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ជាង ២០៥ លានដុល្លារ ធ្លាក់ចុះ ៤៥,៩២% បើធៀបរយៈពេលដូចគ្នាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានចំនួន ៣៨០ លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅប្រទេសថៃក្នុងទឹកប្រាក់ប្រមាណជាង ៤៣ លានដុល្លារ ថយចុះ ៣៧,៦% បើធៀបខែវិច្ឆិកា ឆ្នាំ២០២៤ និងនាំចូលទំនិញពីថៃវិញក្នុងទឹកប្រាក់ប្រមាណជាង ១៦១ លានដុល្លារ ថយចុះ ៤៧,៨% បើធៀបខែវិច្ឆិកា ឆ្នាំ២០២៤។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង