681 ezgif.com resize
Swift cc time

តំណាងកម្ពុជានៅអង្គការសហប្រជាជាតិស្នើក្រុមប្រឹក្សាសន្តិសុខចាត់វិធានការលើថៃ ចំពោះការឈ្លានពានបន្តបន្ទាប់

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ញូវយ៉ក៖ កម្ពុជា នាថ្ងៃទី១០ ខែធ្នូ ​ឆ្នា២០២៥ បានអំពាវនាវជាបន្ទាន់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យថ្កោលទោស និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើប្រទេសថៃ ដោយចោទប្រកាន់ថា ការឈ្លានពានដោយប្រដាប់អាវុធរបស់កងកម្លាំងថៃជាបន្តបន្ទាប់ បានរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានប៉ះពាល់ដល់អំណាចរបស់ក្រុមប្រឹក្សាសន្តិសុខផ្ទាល់តែម្ដង។

លោក កែវ ឈា អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១០ ខែធ្នូ បានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខបច្ចុប្បន្ន (តំណាងប្រទេសស្លូវេនី) ដើម្បីជូនដំណឹងពី "សកម្មភាពឈ្លានពានដោយប្រដាប់អាវុធខុសច្បាប់ និងកាន់តែកើនឡើង" ពីកងកម្លាំងថៃ។ នៅក្នុងលិខិតនោះ លោក កែវ ឈា បានលើកឡើងថា ប្រតិបត្តិការយោធារបស់ថៃទាំងនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញ UN ដែលរួមមានការហាមឃាត់ដាច់ខាតលើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ក៏ដូចជាការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

បើតាមប្រភពដដែល លិខិតបានរៀបរាប់យ៉ាងពីសកម្មភាពរបស់កងទ័ពថៃតាំងពីថ្ងៃទី ៧ ខែធ្នូ ដែលបានប្រើប្រាស់កាំភ្លើងត្បាល់ រថក្រោះ កាំភ្លើងធំធុនធ្ងន់ យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ក្នុងការវាយប្រហារលើទីតាំងរបស់កម្ពុជាតាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ លើសពីនេះ កងទ័ពថៃក៏បានពង្រីកការវាយប្រហារទៅដល់តំបន់ស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបងផងដែរ។

លោក កែវ ឈា បានបញ្ជាក់ថា កម្ពុជានៅតែប្ដេជ្ញាចំពោះការឆ្លើយតបដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដោយបន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ទោះបីជាថៃបានផ្អាក និងបំពានឯកសារទាំងនេះក្ដី។ ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា "កម្ពុជាមិនអាច ហើយក៏មិនគួរត្រូវបានរំពឹងទុកឱ្យអត់ទ្រាំនឹងអំពើឈ្លានពានខុសច្បាប់នេះរហូតដែរ។"

នៅក្នុងលិខិតនេះ លោកបាន​រួមបញ្ចូលនូវសេចក្តីអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខ៥ចំណុចធំៗរួមមាន៖ 

១​.​ថ្កោលទោស អំពើឈ្លានពានដោយអាវុធរបស់ថៃ ដែលជាការរំលោភលើមាត្រា ២(៤) នៃធម្មនុញ្ញសហប្រជាជាតិ។

២.ទាមទារឱ្យបញ្ឈប់ភ្លាមៗ នូវរាល់ការវាយប្រហារ ទាំងការបាញ់កាំភ្លើងធំ និងការប្រើប្រាស់យន្តហោះប្រយុទ្ធ។

៣. ទាមទារ ឱ្យថៃបញ្ឈប់ការប្រើប្រាស់ផែនទីគូសតែឯកខាង និងគោរពព្រំដែនដែលទទួលស្គាល់តាមអន្តរជាតិ និងឯកសារច្បាប់ដែលមានសុពលភាព។

៤. ទាមទារ ឱ្យថៃបញ្ឈប់ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិទាំងអស់ រួមទាំងការវាយប្រហារលើតំបន់ស៊ីវិល។

៥. ស្នើឱ្យបញ្ជូន គណៈកម្មាធិការពិនិត្យការពិតឯករាជ្យរបស់អង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតពីការរំលោភបំពាន និងកំណត់ទំនួលខុសត្រូវរបស់ថៃ។

លោក កែវ ឈា បានបន្ថែមថា ទង្វើរបស់ថៃមិនត្រឹមតែជាការវាយប្រហារលើកម្ពុជាប៉ុណ្ណោះទេ តែជាការបំពានដោយផ្ទាល់លើសណ្ដាប់ធ្នាប់ច្បាប់អន្តរជាតិ និង "អំណាចរបស់ក្រុមប្រឹក្សាសន្តិសុខ" ដែលទាមទារឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស និងច្បាស់លាស់៕

Khcct banner

អត្ថបទទាក់ទង