អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់។ការអំពាវនាវនេះ ធ្វើឡើងក្រោយពីថៃ បន្តបាញ់ប្រហារលើប្រាសាទនានារបស់កម្ពុជា ក្នុងនោះក៏មានប្រាសាទព្រះវិហារផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន អង្គការ UNESCO បានរម្លឹកភាគីទាំងអស់អំពីកាតព្វកិច្ច និង ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌ នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និង អនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។
ជាមួយគ្នានោះ UNESCO នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះ ហើយនឹងធ្វើការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធអំពីភូមិសាស្ត្រនៃទីតាំងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាសារៈសំខាន់របស់សម្បត្តិបេតិកភណ្ឌ ដើម្បីចៀសវាងការខូចខាតដែលអាចកើតមាន។
អង្គការ UNESCO បានសង្កត់ធ្ងន់ថា ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់នៅពេលមានលក្ខខណ្ឌសមស្រប៕