ព្រះសីហនុ៖ សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ នាថ្ងៃទី៩ ធ្នូ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារ XIN DU HAI (ជាន់ទី៥) ក្នុងខេត្តព្រះសីហនុ ខណៈសមត្ថកិច្ចក៏បានជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូង ចំនួន០២នាក់ ដែលជាជនរងគ្រោះ និងបានរឹបអូសសម្ភារៈជាវត្ថុតាងជាច្រើន។
ក្រុមជនសង្ស័យចំនួន៥០នាក់ ក្នុងនោះមានស្ត្រី០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសង្ស័យនៅអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយរបាយការណ៍សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ក្នុងប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូង ចំនួន០២នាក់ ដែលជាជនរងគ្រោះ និងបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រ (All in one) ចំនួន ៦៣គ្រឿង, ទូរសព្ទចំនួន ៦០គ្រឿង និង IPAD ចំនួន ៦០គ្រឿង។
ក្រោយការបង្រ្កាបដល់ទៅតាំងនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយអង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវ បន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល និងក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕