ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធី “ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ» ចាប់ពីឆ្នាំ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ពាន់គ្រួសារ និងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយក្នុងរយៈពេល១០ឆ្នាំខាងមុខ គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។
ពិធីប្រកាសនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និង លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ, តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើនទៀត។
បើតាមសេចក្ដីប្រកាស កម្មវិធីនេះនឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាព ជាជំហានៗ ដោយក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦, កម្មវិធីនេះមានគោលដៅជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ ម៉ឺនគ្រួសារ ឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ ដោយក្នុងរយៈពេល២៤ ខែ នៃការចូលរួមកម្មវិធី គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាចំនួន ៤ សំខាន់ៗ រួមមាន៖ ១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និង៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ។
លោកស្រី Kanni Wignaraja បានបញ្ជាក់ថា UNDP នឹងនៅតែបន្តការគាំទ្រជានិច្ច ក្នុងការពង្រីកវិសាលភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសក្នុងការជំរុញគ្រួសារគោលដៅឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការអភិវឌ្ឍលើមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នាពេលនេះ សរបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម នៅកម្ពុជា។
គួរបញ្ជាក់ថា ផ្អែកតាមការចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥, រាជរដ្ឋាភិបាល បានរៀបចំដាក់ឱ្យអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ក្នុងគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ កម្មវិធីនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និងប្រកបដោយចីរភាព ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ «ការបង្រៀនពលរដ្ឋស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់»៕