ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល និងតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាប័ន្ន និងមានភាពធន់នៅកម្ពុជា។ ពិធីចុះMoUនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងការកោតសរសើរដល់អង្គការ UNDP ដែលបានចូលរួមសហការគាំទ្រលើវិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដោយការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺកូវីដ-១៩ កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងអាចរួមចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងចូលរួមចំណែកលើការកំណត់អាទិភាព ទិសដៅរបស់ក្រសួងសុខាភិបាល។
លោកសាស្រ្តាចារ្យបន្តថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនាពេលនេះគឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងបរិយាប័ន្ន គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលធន់ មានប្រសិទ្ធភាព និងត្រៀមខ្លួនសម្រាប់អនាគតសុខុមាលភាពប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកស្រី Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់រូបលោកស្រី និងសហការី បានចូលជួបសំដែងការគួរសម និងពិភាក្សាបន្ថែមអំពីសកម្មភាពអាទិភាពចំនួន៤ ដែលត្រូវអនុវត្តស្របតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងការកំណត់ទិសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពនៃការថែទាំសុខភាព រួមចំណែកពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័ន ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា UNDP មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រឹក្សាដែលគួរឱ្យទុកចិត្ត ក្នុងការជំរុញការកែទម្រង់ពាក់ព័ន្ធនឹងសមត្ថភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការនវានុវត្តន៍ឌីជីថល។ តាមរយៈ ការធ្វើការរួមគ្នា យើងអាចកសាងប្រព័ន្ធសុខាភិបាលឱ្យក្លាយជាប្រព័ន្ធដែលមានភាពធន់ មានសមធម៌ និងមាននិរន្តរភាព។ នេះបើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា៕