វៀតណាម៖ វៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាសារជាថ្មីម្តងទៀតជាមួយសព្វាវុធធន់ធ្ងន់ជាច្រើនប្រភេទ ឆ្លើយតបទៅនឹងសំណួររបស់កាសែត VietNamNet អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានមានប្រសាសន៍ថា “វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកំពុងបន្តរវាងកម្ពុជា និងថៃ”។ លោកស្រីថាក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ាន វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា ជៀសវាងការប្រើប្រាស់កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានពេញលេញ និងបន្តការសន្ទនាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “វៀតណាមនឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ការសន្ទនា និងការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ ដោយវៀតណាមមានគោលបំណងស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ភាគីទាំងពីរ និងតំបន់”៕