681 ezgif.com resize
Swift cc time

កម្ពុជា-វៀតណាម រំពឹងទទួលបានកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់១២ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនាពេលនេះ នឹងជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសរំពឹងទទួលបានកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់ ១២ពាន់លានដុល្លារសម្រាប់ដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិនាពេលនេះ គឺដើម្បីការតភ្ជាប់រវាងប្រទេសទាំងពីរ និងដើម្បីវិបុលភាពនៃប្រជាជនទាំងពីរ ពិសេសរំពឹងទទួលបានកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់១២ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២៥ខាងមុខ ខណៈរយៈពេល១១ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១០,៤ពាន់លានដុល្លារ កើនឡើង ១២,៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ពិធីសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមកដែលបាននិងកំពុងចូលរួមប្រែក្លាយតំបន់នេះឱ្យក្លាយទៅជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ដោះដូរទីផ្សារទំនិញ សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។

សម្ដេចសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរដែលបានសហការជិតស្និទ្ធក្រោមស្មារតីភាតរភាព និងការយោគយល់ខ្ពស់ ក្នុងការប្រឹងប្រែងជំរុញដំណើរការបើកច្រកព្រំដែនអន្តរជាតិនេះ និងពន្លឿនការសាងសង់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យរបស់កម្ពុជា និងអគារទីស្នាក់ការពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិតឹនណាមរប់វៀតណាម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត ឱ្យប្រព្រឹត្តទៅរលូននិងជោគជ័យតាមផែនការដែលបានគ្រោងទុក។

សម្ដេចបានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនាពេលនេះ នឹងជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ សន្តិសុខ។

គួរបញ្ជាក់ថា បច្ចុប្បន្នច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ផ្តល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់យ៉ាងមមាញឹក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុប មានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទ្រីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀល) និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០ រៀល៕


Khcct banner

អត្ថបទទាក់ទង