ព្រៃវែង៖ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)-តឹនណាម(ខេត្តតៃនិញ) ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង និងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញវិញ នាយករដ្ឋមន្ត្រីវៀតណាម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ច្រកទ្វារព្រំដែនអន្តរជាតិនេះមានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីសាលាខេត្ត ព្រៃវែង និង១៣៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយមានចម្ងាយប្រមាណ ១៦៨គីឡូម៉ែត្រពីទីរួមខេត្ត តៃនិញ(ថ្មី)។
បើតាមក្រសួងមហាផ្ទៃ អគារ នឹងហេដ្ឋារចនាសម្ព័ន្ធទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ព្រមទាំងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់ទីរួមខេត្ត ទីប្រជុំជន និងខេត្តផ្សេងៗទៀត ត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់ដើម្បីបម្រើ ដល់សកម្មភាពសេដ្ឋកិច្ច ភាពសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការផ្លាស់ប្តូរពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងតម្រូវការ ចេញចូលឆ្លងកាត់ព្រំដែនដែលកាន់តែមានភាពមមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។
សមិទ្ធផលថ្មីមួយនេះ បានបង្ហាញអំពីកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងការអភិវឌ្ឍនៅតាមបណ្តា ខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ឱ្យកាន់តែរឹងមាំក្នុងលក្ខណៈជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ និងយូរអង្វែង និងនាំមកនូវ ផលប្រយោជន៍ពិតប្រាកដ៕