681 ezgif.com resize
Swift cc time

កម្ពុជា-ហុងកុង ចុះMoUលើការបង្កើនសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ហុងកុង, ចិន៖ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយប្រធាននាយកដ្ឋានសិទ្ធិបញ្ញា នៃតំបន់រដ្ឋបាលពិសេសហុងកុង (IPDHK) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការបង្កើនសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និងចែករំលែកចំណេះដឹងកម្មសិទ្ធិបញ្ញា កសាងសមត្ថភាពជាដើម។ ពិធីចុះMoU នេះត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោក Bernard Chan Pak-li អនុរដ្ឋលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់រដ្ឋបាលពិសេសហុងកុង។

បើតាមក្រសួងពាណិជ្ជកម្ម អនុស្សរណៈនៃការយោគយល់គ្នា (MoU) រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា ដូចការការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកចំណេះដឹងកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាព ការធ្វើពាណិជ្ជកម្មនិងពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា និងការរៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងព្រឹតិ្តការណ៍កម្មសិទ្ធិបញ្ញាផ្សេងៗ។

បន្ថែមពីនេះ អនុស្សរណៈនេះ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ការលើកកម្ពស់ការសន្ទនាកម្រិតខ្ពស់លើការអភិវឌ្ឍគោលនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា ការចែករំលែកការអនុវត្តល្អបំផុតក្នុងការផ្តល់សេវាកម្មដែលមានគុណភាព និងប្រសិទ្ធភាពដល់អ្នកពាក់ព័ន្ធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាបន័ទាំងពីរ និងអ្នកអនុវត្តកម្មសិទ្ធិបញ្ញា ឧស្សាហកម្ម ស្ថាប័ន និងអង្គការពាក់ព័ន្ធ។

គួរបញ្ជាក់ថា លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោក Bernard Chan Pak-li អនុរដ្ឋលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់រដ្ឋបាលពិសេសហុងកុង បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងនាយកដ្ឋានកម្មសិទ្ធិបញ្ញាហុងកុង តំណាងដោយ លោក David Wong ប្រធាននាយកដ្ឋានសិទ្ធិបញ្ញា នៃតំបន់រដ្ឋបាលពិសេសហុងកុង (IPDHK)៕


Khcct banner

អត្ថបទទាក់ទង