ពិធីស្វាគមន៍ផ្លូវការដល់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយប្រធានាធិបតីចិន ស៊ី ជីនពីង នៅ ប៉េកាំង ថ្ងៃទី៤ ធ្នូ ២០២៥។ប្រភព៖ Reuters
ប៉េកាំង៖ ដំណើរទស្សនកិច្ចលើកទី៤ របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅចិន បង្កើនកម្ដៅនយោបាយលោកខាងលិច ទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន និងការអះអាងជាសាធារណៈអំពីសមត្ថភាពចិនក្នុងការផលិតក្នុងវិស័យឧស្សាហកម្ម។ តាមរយៈការទស្សនកិច្ចនេះ ចិន និងបារាំងបានចុះកិច្ចព្រងព្រៀងសំខាន់ ចំនួន១២ ទាក់ទងនឹង ការសហការក្នុងវិស័យនុយក្លេអ៊ែរ ការផ្លាស់ប្តូរក្នុងវិស័យអប់រំ ការអភិរក្សខ្លាឃ្មុំផាន់ដា និងកិច្ចព្រមព្រៀងបច្ចេកវិទ្យា។ដំណើរទស្សនកិច្ចរបស់ម៉ាក្រុងទៅចិននេះ បានបង្ហាញពីទស្សនៈសេដ្ឋកិច្ច និងនយោបាយការទូត ប្រកបដោយតុល្យភាព និងភាពជោគជ័យសម្រាប់ចិននិងបារាំង ហើយក៏ផ្តល់ជាចំណុចរស៊ើបដែលអាចឈានទៅរកភាពតានតឹងរវាងចិន និងប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុបផងដែរ។
យោងទៅតាមការចេញផ្សាយរបស់កាសែតចិន SOUTH CHINA MORNING POST ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១២ ទាក់ទងនឹង ថាមពលនុយក្លេអ៊ែរ ការផ្លាស់ប្តូរផ្នែកអប់រំ ការអភិរក្សខ្លាឃ្មុំផាន់ដា និងកិច្ចព្រមព្រៀងបច្ចេកវិទ្យា ក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅកាន់ទីក្រុងប៉េកាំង និងឆេងឌូ កាលពីសប្តាហ៍មុន។ ប្រទេសចិនបានពង្រីកការសហការក្នុងការអភិរក្សខ្លាឃ្មុំផាន់ដា ដោយផ្តល់ការខ្ចីខ្លាឃ្មុំផាន់ដាធំៗចំនួន២ក្បាល ក្នុងរយៈពេល២ឆ្នាំទៀត ចាប់ពីឆ្នាំ២០២៧ បន្ទាប់ពីមានការបង្រ្កាបខ្លាឃ្មុំផាន់ដាចំនួនពីរក្បាល ដែលត្រូវបានប្រគល់ជូនត្រឡប់មកវិញបន្ទាប់ពីរយៈពេល១៣ឆ្នាំ ។
កិច្ចពិភាក្សារបស់ លោកស៊ី ជាមួយលោកម៉ាក្រុង ផ្ដោតជាសំខាន់លើ មិត្តភាព ភាពស្មោះត្រង់ និងភាពរីកចម្រើន។ដំណើរទស្សនកិច្ចនេះត្រូវបានមើលឃើញថាជាចំណុចរស៊ើប ដែលអាចធ្វើឱ្យភាពតានតឹងកើនឡើងទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន និងការបង្ហាញអះអាងជាសាធារណៈអំពីសមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្មរបស់ចិន។
ជាការឆ្លើយតប ម៉ាក្រុងបានបញ្ជាក់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយចិនគឺជាភាពជោគជ័យមួយដែលមិនអាចប្រកែកបាន។ គាត់បានបន្ថែមថា ភាគីទាំងពីរត្រូវតែពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសបង្កើនការវិនិយោគរបស់ចិននៅបារាំង និងអឺរ៉ុប ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនបំពេញចន្លោះក្នុងវិស័យបច្ចេកវិទ្យា វិស័យថាមពល រថយន្តអគ្គិសនី និងថាមពលព្រះអាទិត្យ។ ជាមួយគ្នានេះ លោកស៊ី បានលើកឡើងថា ចិនចាត់ទុកបារាំងថាជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមិនអាចខ្វះបាន។ នេះបើតាមការលើកឡើងរបស់លោកស៊ីនៅក្នុងកិច្ចប្រជុំដាច់ដោយឡែកជាមួយក្រុមហ៊ុនចិន និងបារាំង។
សូមបញ្ជាក់ថា ការទស្សនកិច្ចលើកទី៤របស់លោកម៉ាក្រុងទៅប្រទេសចិននេះគឺជាការកសាងទំនាក់ទំនងក្នុងបរិយាកាសនយោបាយតានតឹង ដោយការទស្សនកិច្ចនេះកើតឡើងចំពេលដែលអឺរ៉ុបកំពុងកាន់តែមានការប្រុងប្រយ័ត្នចំពោះទស្សនៈរបស់ទីក្រុងប៉េកាំងលើសង្គ្រាមអ៊ុយក្រែន និងគោលនយោបាយឧស្សាហកម្ម។