681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍និងសហភាពអឺរ៉ុបចុះពិនិត្យសក្តានុពលទេសចរណ៍នៅ«បឹងទន្លេសាប»ដើម្បីជំរុញផ្សព្វផ្សាយទៅភ្ញៀវទេសចរអឺរ៉ុប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ គណៈប្រតិភូពីក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី ៦ ធ្នូ បានទស្សនកិច្ចសិក្សាស្វែងយល់ និង វាយតម្លៃជាក់ស្តែងពីសក្តានុពលទេសចរណ៍ បញ្ហាប្រឈម និងកាលានុវត្តវិនិយោគនៅសហគមន៍អេកូទេសចរណ៍ព្រែកទាល់ដែលស្ថិតនៅក្នុងតំបន់ជីវៈចម្រុះរបស់បឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ទស្សនកិច្ចនេះ រៀបចំឡើងដោយមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

យោងតាមក្រសួងទេសចរណ៍ ក្នុងទស្សនកិច្ចសិក្សានេះ ក្រុមការងារចុះជួបសហគមន៍ផ្ទាល់នៅមូលដ្ឋាន និង ពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅរួមគ្នា ហើយមានទស្សនៈគំនិតរួមគ្នាថា តំបន់អេកូទេសចរណ៍កម្ពុជា ដូចជាសហគមន៍ទេសចរណ៍ព្រែកទាល់នេះ ពិតជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលដ៏ទាក់ទាញ តាមរយៈភាពចម្រុះរួមបញ្ចូលគ្នារវាងវប្បធម៌ ទំនៀមទំលាប់ ការរស់នៅសម្របតាមបរិស្ថានជុំវិញ និងធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសគឺលក្ខណៈពិសេស និងប្លែកៗ របស់ខ្លួន ដូចជាតំបន់ព្រែកទាល់ជាឋាបណីយជីវមណ្ឌលទឹកសាបធំបំផុតនៅក្នុងបឹងទន្លេសាប និងជាទ្រនំសត្វស្លាបទឹកសាបជាច្រើនរយប្រភេទរួមទាំងប្រភេទដែលជាសត្វកម្រ និងប្រឈមនឹងការផុតពូជ ដែលទទួលបានការការពារ និងអភិរក្សជាសកល។

ក្រសួងទេសចរណ៍ និង សហភាពអឺរ៉ុប ឯកភាពជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់តំបន់អេកូទេសចរណ៍កម្ពុជា ដូចជាតំបន់ព្រែកទាល់នេះឱ្យល្បីល្បាញ និងទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីទ្វីបអឺរ៉ុប និងពិភពលោក ដើម្បីបានមកទស្សនាឱ្យកាន់តែច្រើន និងទទួលបានចំណេះដឹងបទពិសោធពីជីវៈចម្រុះដ៏សំបូរបែប សត្វស្លាបទឹកសាប ប្រពៃណី ការរស់នៅដែលសម្របនឹងរបបទឹកឡើង និងទឹកចុះ ម្ហូបអាហារដែលចម្អិនពីត្រីទឹកសាបដ៏ឆ្ងាញ់ពិសារ និងជាប្រភពវីតាមីន ពិសេសគឺអារម្មណ៍ស្រស់ថ្លាពីកំលាំងធម្មជាតិ សម្លេងបក្សី និងខ្យល់ជំនោរទន្លេដ៏ត្រជាក់​​ និងបរិសុទ្ធ។


Khcct banner

អត្ថបទទាក់ទង