ភ្នំពេញ៖ លោក ន័បឺត ក្លែន (Klein Norbert ) គឺជាជនជាតិអាល្លឺម៉ង់ ត្រូវបានគេស្គាល់ថាជា ឥស្សរជនជាន់ខ្ពស់ម្នាក់ នៃសហគមន៍អ៊ីនធឺណិតនៅកម្ពុជា នៅទសវត្សរ៍ទី៩០ ទទួលបានការលើកទឹកចិត្ត និងផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ពីរាជរដ្ឋាភិបាល។
ក្នុងឱកាសនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិ ដែលជាព្រឹត្តិការណ៍អមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់កិត្តិយសក្នុងការប្រគល់វត្ថុអនុស្សាវរីយ៍ ជាការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងជូនដល់ លោក ន័បឺត ក្លែន (Klein Norbert )។
យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងអំឡុងទសវត្សរ៍ ៩០ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងតភ្ជាន់ប្រព័ន្ធអ៊ីនធឺណិតលើកដំបូងនៅកម្ពុជា ដែលពេលនោះ លោកបានដឹងថា នៅលើពិភពលោក អ៊ីនធឺណិតកំពុងតែមានរួចស្រេចទៅហើយនៅបណ្តាប្រទេសមួយចំនួន ដូចនេះលោក ក៏ខិតខំធ្វើយ៉ាងណាដើម្បីភ្ជាប់អ៊ីនធឺណិតនោះ មកប្រើនៅកម្ពុជា បើទោះជាកាលៈទេសៈនោះមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។
ដើម្បីជាការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក រាជរដ្ឋាភិបាល ក៏បានផ្តល់សញ្ជាតិខ្មែរ ជូនលោក ដោយសញ្ជាតូបនីយកម្ម៕