ភ្នំពេញ៖ រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឱ្យកម្ពុជាបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ តាមសំណើរបស់កម្ពុជា ដើម្បីបញ្ចប់ការបោសសម្អាតនិងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។ នេះបើតាមលទ្ធផល កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ។
ការសម្រេចអនុញ្ញាតនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានអនុម័តជាផ្លូវការលើសំណើ សុំពន្យាពេលរបស់កម្ពុជាលើកទី៣ (២០២៦-២០៣០) ដើម្បីបញ្ចប់ការបោសសម្អាតនិងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។
រដ្ឋភាគីទទួលស្គាល់ថា មីននៅតែបន្តជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាពិសេសនៅ តាមតំបន់ព្រំដែនដែលនៅមានមីនច្រើន ការបោសសម្អាតមានការលំបាកខ្លាំង ផ្លូវពិបាកចូលទៅដល់ និង មានហានិភ័យខ្ពស់ដល់សហគមន៍ និងបង្កគ្រោះថ្នាក់ដល់ប្រជាជន។ ការយកឈ្នះលើឧបសគ្គទាំងនេះ ទាមទារឱ្យកម្ពុជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។
បើតាម អាជ្ញាធរកម្ពុជា មកទល់នឹងពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលជា ទីកត់សម្គាល់ ដោយកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ជាង ៣៣០០គីឡូម៉ែត្រការ៉េ ដោយរកឃើញនិងកំទេចចោលបានជាង ៤លានគ្រាប់។ សមិទ្ធផលទាំងនេះ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេស។
អាជ្ញាធរកម្ពុជា ចាត់ទុកការសម្រេចជាឯកច្ឆន្ទនេះ គូសបញ្ជាក់ពីភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគី អនុសញ្ញា។ ការសម្រេចចិត្តនេះ ក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ៕