ភ្នំពេញ៖សម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ ធ្នូនេះ បានចេញសារ ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និង ប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ជាសារក្រោយសម្តេចមើលឃើញថា មានជនជាតិថៃមួយចំនួនលើកឡើងថា សម្តេចមានចេតនាឌឺដងឲ្យថៃដែលធ្វើម្ចាស់ផ្ទះស៉ីហ្គេមឆ្នាំ២០២៥នេះ ហើយរឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៉ីហ្គេមដោយប្រើលុយចិន។
ឆ្លើយតបនេះ មតិខាងលើនេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនតាមរយៈប្រធានាធិបតី ស៉ីជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៉ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសារមួយចំនួនផងដែរ ដែលសម្តេចយកឱកាសនេះជាថ្មីម្តងទៀត អរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា និងប្រើតកូនតចៅ។ ស៉ីហ្គេមមានវិញ្ញាសារប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និង តាមខេត្តមួយចំនួន។
បើតាមសម្តេច ហ៊ុន សែន នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ នៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោតម្តសីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ និង បាល់ទាត់ ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថា ចាញ់ និង ឥណ្ឌូណេស៉ីស្គាល់ពាក្យថា ឈ្នះលើថៃជាលើកដំបូងដែលធ្វើឲ្យកីឡាករថៃរករឿងកីឡាករ និង គ្រូបង្ហាត់ឥណ្ឌូណេស៉ី ដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះរកវិធីទប់ស្កាត់ជម្លោះ។
ចំពោះការចំណាយសម្រាប់ការប្រកួត កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន ពោលគឺរាជរដ្ឋាភិបាល សន្សំសាច់ប្រាក់។ការចំណាយស៉ីហ្គេមឆ្នាំ២០២៣ កម្ពុជាមិនបានប្រើថវិកាជាតិឆ្នាំ២០២៣តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ និង ធ្វើឲ្យថវិកាឆ្នាំ២០២៣ រងសម្ភាធ និងផ្អាកចំណាយលើគំរោងវិនិយោគមួយចំនួន។សម្រាប់សម្តេច ហ៊ុន សែន របៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ដែលក្នុងមួយឆ្នាំជិត ១០លានដុល្លារ បានថវិកាជិត ៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ គ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត ២០០លាន។
សម្តេចបន្តថា ដោយស្មារតីសន្សំសំចៃដែលដឹកនាំដោយ សម្តេច ទៀ បាញ់ ចំណាយត្រឹមតែ ១១៨លានដុល្លារប៉ុណ្ណោះដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅហូបចុក។ ការមិនឲ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់ខ្ញុំក្នុងគោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។ កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល១២លានដុល្លារប៉ុណ្ណោះ។
ជាមួយគ្នានោះបើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្រ្គេមផង ចំណាយត្រឹម ១២៦លានប៉ុណ្ណោះ និងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដោយ គ្រប់កំរិតផងយើងចំណាយត្រឹម១៣០លានក្នុងគំរោងនៃច្បាប់ថវិកា២០១៨ ដល់ ២០២២ ប្រមាណជិត៥០លាននិង១៥០លានក្នុងច្បាប់ថវិកា២០២៣។ សម្រាប់កម្ពុជាអាចខុសពីថៃ នៅត្រង់តាំងពីចាប់ផ្តើមរៀបចំការសាងសង់រហូតដល់ប្រកួត និងការប្រកួតចប់រយៈពេលប្រមាណជាង៦ឆ្នាំយើងមិនដែលស្តីបន្ទោសគ្នា ឬស្រែកថា ខ្វះលុយឬធ្វើអធិការកិច្ចលើការចំណាយនោះទេ ទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថា ជាប្រទេសក្រីក្រក៏ដោយ។ នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។
សម្តេចបន្តថា សង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៉ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ។
សង្ឃឹមថា ថៃនិងធ្វើបានល្អនៅស៉ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធឆ្លើយតបដើម្បីការពារសេចក្តីថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ៕