អាម៉េរិក៖ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ បានទទួលពានរង្វាន់សន្តិភាព របស់ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ជាលើកដំបូង ក្នុងព្រឹត្តការណ៍ចាប់ឆ្នោតពានរង្វាន់ពិភពលោកឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុងវ៉ាស៊ីនតោន។ជាការឆ្លើយតបលោកត្រាំបានថ្លែងអំណរគុណចំពោះក្រុមការងារFIFA និងប្រធានFIFA គឺលោកGianni Infantino សម្រាប់ការប្រគល់ពានរង្វាន់ដ៏មានកិត្តិយសនេះ។
យោងតាមសារពត៌មានអាម៉េរិកMAXNEWS បានឱ្យដឹងថា លោកប្រធានាធិបតីដូណាល់ត្រាំ បានទទួលពានរង្វាន់សន្តិភាព FIFA កាលពីថ្ងៃទី ៥ ខែវិច្ឆិកា។ ពានរង្វាន់នេះគឺជារង្វាន់ប្រចាំឆ្នាំថ្មីមួយរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដែលត្រូវបានបង្កើតឡើងដើម្បីជាការដឹងគុណនិងទទួលស្គាល់ចំពោះបុគ្គលឆ្នើមដែលបានចូលរួមសកម្មភាពជំរុញឱ្យមានសន្តិភាព និងសាមគ្គីភាព។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA។
FIFA គឺជាស្ថាប័នអន្តរជាតិដែលគ្រប់គ្រង និងរៀបចំកីឡាបាល់ទាត់ទូទាំងពិភពលោក ដើម្បីធានាការអនុវត្តលក្ខខណ្ឌរួម ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាធំៗ និងលើកកម្ពស់សាមគ្គីភាពតាមរយៈការប្រកួតកីឡាលំដាប់ពិភពលោក។
អ្នកនាំពាក្យសេតវិមាន លោក Davis Ingle មានការសាទរចំពោះការជ្រើសរើស លោកត្រាំសម្រាប់ពានរង្វាន់នេះ ដោយនិយាយថា “សហរដ្ឋអាមេរិក មិនដែលមានកិត្តិយស ឬជោគជ័យដូចស្ថិតក្រោមការដឹកនាំរបស់លោករបស់ប្រធានាធិបតីត្រាំនោះទេ ក្នុងប្រវត្តិសាស្ត្រអាម៉េរិក។ អាមេរិកគឺជាប្រទេសកំពុងមានភាពល្បីល្បាញបំផុតនៅលើពិភពលោកនាពេលនេះ ដែលធ្វើឱ្យអាម៉េរិកក្លាយជាប្រទេសល្អឥតខ្ចោះក្នុងការប្រកាសខ្លួនថាជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំជាងគេក្នុងប្រវត្តិសាស្ត្រ គឺពានរង្វាន់ពិភពលោក FIFA ឆ្នាំ២០២៦។
ជាការឆ្លើយតប លោកត្រាំបានទទួលយកពានរង្វាន់ដ៏គួរជាទីមោទននេះ និងបង្ហាញនូវសេចក្ដីថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ក្រុមការងារFIFA និងប្រធានFIFA គឺលោក Gianni Infantino សម្រាប់ការប្រគល់ពានរង្វាន់ដ៏មានកិត្តិយសនេះសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការជួយសង្រ្គោះជីវិតមនុស្សជាច្រើនលាននាក់ និងធ្វើឱ្យពិភពលោកជាកន្លែងដែលមានសុវត្ថិភាពក្នុងការរស់នៅ។
សូមបញ្ជាក់ថា លោកត្រាំ ធ្លាប់ត្រូវបានរំពឺងថានឹងទទួលបានរង្វាន់សន្តិភាព ណូបែល ឆ្នាំ២០២៥ ដែលចុងក្រោយបានទៅអ្នកស្រី ម៉ារីយ៉ា កូរីណា ម៉ាចាដូ (María Corina Machado ) ជាអ្នកនយោបាយ និងជាសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសវេណេស៊ុយអេឡា សម្រាប់ការប្រយុទ្ធដើម្បីស្តារឡើងវិញនូវលិទ្ធិប្រជាធិបតេយ្យនៅប្រទេសវេណេស៊ុយអេឡា។