681 ezgif.com resize
Swift cc time

ធនាគារ ARDB ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមធនាគារ ARDB បានឱ្យដឹងថា ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះមានសមាជិក ៤៦ គ្រួសារ មានផ្ទៃដី ២៧ ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន ៩ ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់ ៥១ ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។

លោកបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូនដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងបានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ សម្រាប់ការចិញ្ចឹមមាន់នេះ ធនាគារ ARDB នឹងរៀបចំឥណទានបន្ថែមសម្រាប់សហគមន៍៕


Khcct banner

អត្ថបទទាក់ទង