681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី«ការវិនិយោគលើវិស័យកសិកម្ម ប្រព័ន្ធតាមដានសត្វចិញ្ចឹម និងឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន តំណាងឱ្យលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចពិភាក្សាតុមូលស្ដីពី«ការវិនិយោគលើវិស័យកសិកម្ម ប្រព័ន្ធតាមដានសត្វចិញ្ចឹម និងឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា» ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចដោយប្រើបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ក្នុងគោលបំណងចូលរួមជំរុញតម្លាភាពខ្សែច្រវាក់តម្លៃនៃការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ការជ្រៀតចូលទៅកាន់ទីផ្សារ។

កិច្ចពិភាក្សាតុមូលនាពេលនោះ មានការចូលរួមអមពីអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប ព្រមទាំងមានការចូលរួមពីលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងស្ថាប័នវិនិយោគតំបន់កេបិកនៃប្រទេសកាណាដា, អ្នកជំនាញ និងធុរជន/វិនិយោគិនកម្ពុជា និងកាណាដាជាច្រើនរូប។

កិច្ចពិភាក្សាតុមូលនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចដោយប្រើបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ក្នុងគោលបំណងចូលរួមជំរុញតម្លាភាពខ្សែច្រវាក់តម្លៃនៃការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ការជ្រៀតចូលទៅកាន់ទីផ្សារ និងការកសាងភាពធន់ក្នុងវិស័យទាំងនេះ តាមរយៈការកសាងសមត្ថភាព និងផ្ដល់ដំណោះស្រាយតាមបច្ចេកវិទ្យាទំនើប រួមចំណែកដល់ការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា គួន ធីតា បានលើកឡើងអំពីទិដ្ឋភាពទូទៅនៃវិស័យកសិកម្ម ដែលជាវិស័យស្នូលមួយដ៏សំខាន់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះការចិញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃឈើក៏កំពុងមានការអភិវឌ្ឍ ប៉ុន្តែនៅក្នុងកម្រិតមួយទាបនៅឡើយ ដែលត្រូវការកិច្ចសហការ ការគាំទ្រ និងបច្ចេកវិទ្យាទំនើបមកជំរុញវិស័យទាំងនេះឱ្យកាន់តែល្អប្រសើរ តួយ៉ាងកិច្ចពិភាក្សាថ្ងៃនេះនឹងមានការធ្វើបទបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលបង្ហាញដោយវាគ្មិនជំនាញពីកាដាណាផងដែរ។

បន្ថែមលើនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានជម្រាបជូនជាសង្ខេបដល់អង្គប្រជុំអំពីសាវតារ តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគមឧកញ៉ាកម្ពជា ដែលជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងមានសមាជិកប្រកបដោយសក្តានុពលជាបណ្ដុំធុរជននិងវិនិយោគិនធ្វើការវិនិយោគលើចម្រុះវិស័យ។

ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើងថា វេទិកានេះនឹងជួយជំរុញដល់ការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីអ្វីដែលជាតម្រូវការជាក់ស្ដែងរវាងធុរជនកម្ពុជានិងកាណាដាក្នុងការធ្វើទំនាក់ទំនងធុរកិច្ច និងវិនិយោគរួមគ្នា។ ក្នុងនាមជាឯកអគ្គរដ្ឋទូតមានតួនាទីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយលោកសុំលើកទឹកចិត្ត និងផ្ដល់គាំទ្រពេញទំហឹងដល់ធុរជននិងវិនិយោគិននៃប្រទេសទាំងពីរ សម្រាប់កិច្ចសហការធុរកិច្ចនានា ជាពិសេសលើគម្រោងធុរកិច្ចក្នុងវិស័យខាងលើនេះឱ្យលេចចេញជារូបរាងឡើង។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះត្រូវបានសហការរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន CANCAP GLOBAL ដោយមានការគាំទ្រពីស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Référence Systèmes (Québec, Canada)។ ការរៀបចំកិច្ចប្រជុំនេះឆ្លុះបង្ហាញឱ្យឃើញអំពីឆន្ទៈរវាងភាគីកម្ពុជានិងកាណាដា ក្នុងការបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្មទៅវិញទៅមកឱ្យកាន់តែសកម្មថែមទៀត បន្ទាប់ពីមានដំណើរទស្សនកិច្ចធុរកិច្ចក្រៅប្រទសរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួមអម ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក៕


Khcct banner

អត្ថបទទាក់ទង