ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតបារាំងប្រចាំកម្ពុជា សហការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ។ លទ្ធផលនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
នាឱកាសនេះ លោក Oliver Richard បានគូសបញ្ជាក់ជូនអំពីការចូលរួមដ៏សំខាន់របស់ប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈគម្រោងសហប្រតិបត្តិការជាច្រើនកន្លងមក និងការសន្យាបន្តជួយបន្ថែមតទៅទៀតក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ជាមួយគ្នានេះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះប្រទេសបារាំង រដ្ឋាភិបាលបារាំង ប្រជាជនបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជាដែលតែងតែជួយឧបត្តម្ភ និងគាំទ្ររដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ក្នុងការស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ស្ថានទូតបារាំងប្រចាំកម្ពុជាដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ពិសេសគឺសភាពការណ៍ពិតពីនយោបាយ សុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្បាប់សាធារណៈល្អប្រសើរដល់វិនិយោគិន និងប្រជាជនបារាំងដែលចង់ស្វែងយល់ពីកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ដែលបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍បារាំងមកទស្សនាកម្ពុជាមានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ និងជាទីផ្សារធំទាំង១០របស់កម្ពុជា៕