ថៃ៖ ពលរដ្ឋថៃប្រមាណជាង ១០លាននាក់កំពុងតែរងផលប៉ះពាល់ដល់សុខភាពខ្លាំងមិនធ្លាប់មានពីកម្រិតខ្យល់ពុលធូលី PM 2.5 (Particulate Matter (PM) សំដៅលើភាគល្អិតៗដែលមានទំហំតូចខ្លាំងណាស់ តិចជាង ២.៥ មីក្រូម៉ែត្រ ទំហំរបស់វាគឺតូចជាងសរសៃសក់មនុស្សធម្មតាប្រមាណ ២០ ទៅ ៣០ ដង) ផ្អែកតាមការបញ្ជាក់របស់លោក Supakorn Tultrairatana គ្រូពេទ្យជាន់ខ្ពស់នៅមន្ទីរពេទ្យ Nopparat Rajathanee បានអះអាងថាមនុស្សជាង ១០ លាននាក់បានរងផលប៉ះពាល់ដោយភាគល្អិតតូចៗនៅឆ្នាំ ២០២៥ ដោយផ្អែកលើទិន្នន័យពីមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយមិនរាប់បញ្ចូលអ្នកដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យឯកជន ឬគ្លីនិក។
បើតាមលោក Supakorn Tultrairatana ដដែលទោះបីជាតួលេខនេះតំណាងឱ្យការថយចុះបន្តិចបន្តួចពីចំនួន ១២ លាននាក់ដែលរងផលប៉ះពាល់នៅឆ្នាំ ២០២៤ ក៏ដោយ វានៅតែមានសារៈសំខាន់ខ្លាំងដែលត្រូវតែប្រុងប្រយ័ត្ននិងចាត់វិធានការទប់ស្កាត់។ លោកបន្តទៀតថាជំងឺផ្លូវដង្ហើម រួមទាំងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺហឺត គឺជាជំងឺដែលកើតមានច្រើនបំផុតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ពីការស្រូបយកខ្យល់ពុល។ លើសពីនេះ មានការកើនឡើងនៃកន្ទួលស្បែក និងបញ្ហាភ្នែក ដូចជាជំងឺរលាកស្រោមខួរក្បាលជាដើម។
លោកបានព្រមានទៀតថាអ្នកដែលជួបប្រទះនឹងការហូរឈាមច្រមុះ ឬក្អកមានឈាមក្នុងរដូវកាលខ្យល់ពុល PM 2.5 អាចរងផលប៉ះពាល់ខ្លាំង និងអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរមិនធ្លាប់មាន ដោយការហូរឈាមច្រមុះអាចមានលក្ខណៈស្រាល ប៉ុន្តែសម្រាប់ករណីធ្ងន់ធ្ងរជាងនេះ ដូចជាដង្ហើមខ្លីចំពោះបុគ្គលដែលមានជំងឺហឺត ឬ COPD ដែលបង្កឡើងដោយ PM 2.5 មានហានិភ័យដែលស្ថានភាពអាចកាន់តែអាក្រក់ទៅៗដល់ចំណុចដែលតម្រូវឱ្យប្រើម៉ាស៊ីនជំនួយដង្ហើម។
លោក Supakorn ក៏បានគូសបញ្ជាក់ពីហានិភ័យរយៈពេលវែងនៃការប៉ះពាល់ជាបន្តបន្ទាប់ទៅនឹង PM 2.5 ជាពិសេសលទ្ធភាពកើនឡើងនៃជំងឺមហារីកសួត។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសួតដោយផ្ទាល់ដែលជាលទ្ធផលនៃ PM 2.5 គឺពិបាកដោយសារតែខ្វះការធ្វើតេស្តជាក់លាក់។
គួរកត់សម្គាល់ថាពេលនេះនៅក្នុងទីក្រុងបាងកកកំពុងចូលដល់រដូវធូលីប្រចាំឆ្នាំ ដែលមានរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ សព្វថ្ងៃនេះ ការវាស់វែងគុណភាពខ្យល់ដោយប្រើកំហាប់ PM2.5 បង្ហាញពីកម្រិតរវាង 37.6–75 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) (ពណ៌ទឹកក្រូច) ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ។ អាជ្ញាធរណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស់នៅខាងក្រៅ ផ្អាកសកម្មភាពខាងក្រៅផ្ទះដោយមិនចាំបាច់ និងតាមដានរោគសញ្ញាដូចជាការក្អក រលាកភ្នែក ឬពិបាកដកដង្ហើម។
តាមអង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលការណ៍ណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM 2.5 មធ្យមប្រចាំឆ្នាំថា មិនគួរលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឡើយនៅពេលដែលកម្រិតនេះកើនឡើង ហានិភ័យសុខភាពក៏កើនឡើងដែរ៕